(បាត់ដំបង)៖ អធិការនគរបាលក្រុងបាត់ដំបង ទើបឡើងថ្មី បានដឹកនាំកម្លាំងនគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបទីតាំងកត់កន្ទុយលេខ៤កន្លែង ឃាត់មនុស្ស៩នាក់ ក្នុងនោះម្ចាស់ផ្ទះ៥នាក់ អ្នកលេង៤នាក់ និងសម្ភារៈមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានឲ្យដឹងថា ដោយបានទទួលបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីព្រះរាជ​អាជ្ញាផងនោះ លោកបានដឹកនាំកម្លាំង ចែកជា៤គោលដៅ ចុះបង្រ្កាបល្បែងស៊ីសងកន្ទុយលេខ នៅតាមផ្ទះនានា ក្នុងសង្កាត់ស្វាយប៉ោ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងធ្វើការឃាត់ខ្លួន​ម្ចាស់ផ្ទះ​ចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ និងវត្ថុតាងសម្ភារៈមួយចំនួនធំ ហើយយកមកអធិការក្រុង ដើម្បីធ្វើកំណត់ហេតុសាកសួរ។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង បានបញ្ជាក់ថា បន្ទាប់ពីសាកសួរហើយ កម្លាំងជំនាញរបស់លោក បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ខេត្តចាត់ការតាមច្បាប់។

លោកបន្ថែមថា លោកនឹងបន្តចុះបង្រ្កាបរាល់បទល្មើសផ្សេងទៀតឱ្យអស់ ដើម្បីស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព និងការពារប្រជាពលរដ្ឋឱ្យបានសុខសាន្ត បញ្ជៀសឱ្យផុតនូវអំពើ ចោរកម្ម ឆក់ប្លន់ គ្រឿងញៀន ព្រមទាំងអំពើខុសច្បាប់ផ្សេងៗទៀតផងដែរ៕