(ពោធិ៍សាត់​)៖ កម្លាំងនគរបាលស្រុកបាកាន​ សហការ​ជាមួយកម្លាំងប៉ុស្តិ៍ បានធ្វើការចុះបង្ក្រាប ក្រុមលេងល្បែងស៊ីសង បៀរ​ អាប៉ោង ក្នុងនោះឃាត់ខ្លួនបានមនុស្ស៤នាក់​ និងដកហូត បានសម្ភារៈ​មួយចំនួន​។

ប្រតិបត្តិការ​នេះ​ ធ្វើឡើងនៅថ្ងៃទី៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ស្ថិតក្នុងភូមិដំណាក់ត្រាច​ ឃុំរំលេច​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។

​លោក​ នាង​ វុធ​ អធិការនគរបាលស្រុកបាកាន​ បានប្រាប់ភ្នាក់ងារ​ Fresh News ឱ្យដឹងថា​ ក្នុងប្រព្រឹត្តនេះកម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនបានមនុស្ស៤នាក់ ក្នុងនោះទី១-ឈ្មោះ​ ឆន​ ភន​ ហៅអាក្របី អាយុ៣៦ឆ្នាំ, ទី២ឈ្មោះ ជន​ ជៀន អាយុ១៧ឆ្នាំ, ទី៣ឈ្មោះ​ គឹម​ ឡេង អាយុ៨៤ឆ្នាំ ជាមានមេអាប៉ោង និង​​ទី៤ឈ្មោះ សេង​ ញន អាយុ៥៦ឆ្នាំ។

លោកអធិការបានបន្តថា​ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូត បានវត្ថុតាងជាច្រើនរួមមាន មេអាប៉ោង៥គ្រាប់ ចានបាញ់អាប៉ោង១ ផ្តិលគម្រប​១ កំរាលហាន់តោ១ កាបូបស្ពាយ​១​ និង​ស្បែកជើង ០៥គូ​ ។ ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី៕