(ភ្នំពេញ)៖ ព្រឹត្តិការណ៍​តាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រលើកទី១ នៅកម្ពុជា ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ (ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ ត្រូវបានអ្នករៀបចំ​កម្មវិធីអះអាងថា មានផលិតផលទាក់ទងនឹង ការងារ​ផ្នែកសំណង់ មកពីបណ្ដាក្រុមហ៊ុនល្បីៗជាច្រើន ប្រមាណជាង១០០ប្រភេទ ត្រូវបានដាក់បង្ហាញឲ្យ ចូលទស្សនាដោយសេរី ខណៈផលិតផលទាំងនោះ នាំមកដោយក្រុមហ៊ុនល្បី មកពីបណ្ដាប្រទេស ប្រមាណជិត១០ប្រទេសចូលរួម ។​ ការតាំងពិព័រណ៍​ស្ថាបត្យកម្ម និងដេគ័រលើកទី១ នៅកម្ពុជា គឺជាកម្មវិធីដ៏ល្អបំផុត​ ក្នុងការកសាងសម្ភារៈសំណង់ ស្ថាបត្យកម្ម ការរចនាផ្ទៃ​ខាងក្នុង ​គ្រឿងសង្ហារឹមនានា និងការតុបតែង នៅកម្ពុជា ។

ក្នុង​ពិធីបើកសម្ពោធ ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រនៅកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ គឺមានការចូលរួមផ្ដល់កិត្តិយស ដោយលោក ភឿង សោភ័ណ្ឌ រដ្ឋលេ​ខា​ធិការ​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ​លេខាធិការគណៈ​​​ស្ថាបត្យករកម្ពុជា​, ប្រធានគណៈកម្មការស្ថាបត្យករ​, ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងប្រធានសមាគមស្ថាបត្យករ​កម្ពុជា ចូលរួមជាច្រើននាក់ផងដែរ។

លោក Ajinveat Vhongthong ប្រធានរៀបចំកម្មវិធី ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រ នៃក្រុមហ៊ុន ICVeX បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា កម្មវិធីតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា ជាព្រឹត្តិការណ៍នៃការជួបជុំប្រចាំឆ្នាំ ពីសំណាក់អ្នកជំនាញ ផ្នែកឧស្សាហកម្មនានា ហើយក៏ជាវេទិកាអប់រំ ដើម្បីផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹង​ផ្នែកទីផ្សារ បច្ចេកវិទ្យា គំនិតច្នៃប្រឌិត និងការនិយមនានា ។ លើសពីនេះ ព្រឹត្តិការណ៍នេះ នឹងឆ្លើយតបបានយ៉ាងប្រសើរ ចំពោះតម្រូវការសម្ភារៈ​សំណង់ ស្ថាបត្យកម្ម ការរចនាខាងក្នុង គ្រឿងសង្ហារឹម និងការតុបតែសម្រាប់ទីផ្សារកម្ពុជា ។

លោកបន្ថែមថា ដោយមានកិច្ចសហការ ជាមួយសមាគមន៍ ស្ថាបត្យករកម្ពុជា (CSA) ជាមួយនឹងបណ្ដាញ ​នៃអ្នកបញ្ចប់ការសិក្សា ផ្នែកស្ថាបត្យកម្មជាង៣ពាន់នាក់ និងជំនាញផ្នែកស្ថាបត្យកម្មនានា ក្នុងប្រទេសកម្ពុជា និងការគាំទ្រពីគណៈ​កម្មការស្ថាបត្យករ និងសមាគមសហគ្រិន វ័យក្មេងកម្ពុជា (YEAC) កម្មវិធីតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រលើកទី១​នៅកម្ពុជា នឹងដាក់បង្ហាញ​ផលិតផល​ល្បីៗ ជាង១០០ប្រភេទ និងក្រុមហ៊ុនជាច្រើន ដែលមកពីបណ្ដាជិត១០ប្រទេស រួមមានកម្ពុជា កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម ប្រទេសមកពីតំបន់​អឺរ៉ុបផ្សេងៗទៀត។ ក្នុងនោះ​ការតាំងពិព័រណ៍​ស្ថាបត្យកម្ម និងដេគ័រ នេះ នឹងអាចទាក់ទាញ អ្នកចូលទស្សនាប្រមាណ៣ពាន់ នាក់ផងដែរ។

លោក ភឿង សោភ័ណ្ឌ រដ្ឋលេ​ខា​ធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ​លេខាធិការគណៈ​​ ស្ថាបត្យករកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត​សម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនសំណង់ មកពីប្រទេសថៃ បានមករៀបចំកម្មវិធី តាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រ​ជាលក្ខណៈអន្តរជាតិ ​​នៅពេលនេះ ។ ស្ថាបត្យកម្ម និងការរចនាដ៏ល្អប្រណិត របស់ស្ថាបត្យករបុព្វបុរសខ្មែរយើង ពីអតីតកាលបានស្ដែងចេញ ជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោក មានដូចជាសំណុំ ប្រាងប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ, បន្ទាយស្រី និងប្រាសាទព្រះវិហារជាដើម ដែលទាំងនេះពិតជាកើតចេញ ពីស្នាដៃ ទេពកោសល្យ ដ៏អង់អាចរបស់បុព្វបុរស ស្ថាបត្យករខ្មែរ និងវិចិត្រករខ្មែរ ដែលជាមោទនភាព របស់ប្រជាជនកម្ពុជា ហើយបាននិងកំពុងអូសទាញ យ៉ាងសកម្មនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន សម្រាប់ប្រទេសកម្ពុជា។

លោករដ្ឋលេខាធិការូបនេះ បន្តទៀតថា ក្នុងនាមរូបលោកជារដ្ឋលេខាធិកា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ​លេខាធិការគណៈ​​ស្ថាបត្យករកម្ពុជា លោកពិតជាមានមោទនភាព និងក្ដីរីករាយ ក្រោមកិច្ចសហការ ជាមួយស្ថាបត្យករកម្ពុជា ព្រមទាំងអ្នករៀបចំកម្មវិធី នៃក្នុងហ៊ុន ICVeX ដែលបាននាំមកនូវព្រឹត្តិការណ៍ តាំងពិព័រណ៍ដ៏សំខាន់នៅថ្ងៃនេះ ហើយក៏ជាលើកដំបូង​សម្រាប់​ប្រទេសកម្ពុជា ដែលមានការតាំងពិព័រណ៍ នេះកើតឡើង។

សូមបញ្ជាក់ថា ចំណុចសំខាន់ៗនៃការតាំងពិព័រណ៍រួមមាន ផលិតផលអេកូឡូស៊ី​ទំនើបៗខ្នាតធំ និងការប្រើ​ប្រាស់ផលិតផល ​ក្នុ​ងសង្គមសម័យទំនើប និងដំបូន្មានលំអិត ពីសំណាក់អ្នកជំនាញ របស់​ក្រុម​ហ៊ុន SCG (ស៊ីម៉ង់ត៍កំពត) ក្រុមហ៊ុននាំមុខគេក្នុង​តំបន់ អាស៊ីអាគ្នេយ៍ផ្នែកអគារ និងសម្ភារៈសំណង់ និងជាអ្នកឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍នេះ ។ ដំណោះស្រាយផ្នែកស្ថាបត្យកម្ម និងការរចនាខាង​ក្នុង ការប្រមូលផ្ដុំក្បឿងផ្សេងៗ កម្រាល គ្រឿងសង្ហារឹម និងការដេគ័រ ដែលមានគុណភាពខ្ពស់ និងប្រណិត ពីប្រទេសនានា។

ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រ​នៅកម្ពុជា ឆ្នាំ២០១៦នេះ គឺជាកម្មវិធីដែលចាំបាច់ សម្រាប់អ្នកជំនាញឯកទេស ខាងពាណិជ្ជកម្ម អ្នកម៉ៅការសំណង់ ស្ថាបត្យករ អ្នករចនាខាងក្នុង ក៏ដូចជាអ្នក​ដំណើរការ​ គម្រោងអចលនទ្រព្យ ម្ចាស់សណ្ឋាគារ ម្ចាស់រមណីយដ្ឋាន និងអ្នកលក់សម្ភារៈគ្រឿងសំណង់នានា ដើម្បីស្វែងយល់ពីបរិបទ គំនិតច្នៃប្រឌិត និងការរចនាថ្មីៗ ក្នុងការទទួលបាន នូវប្រភព​ផលិតផលជាច្រើនប្រភេទ ដើម្បីផ្សារភ្ជាប់ខ្លួន ទៅនឹងដៃគូអន្តរជាតិ៕