(កំពត)៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ ទៅប្រគល់ជូនមន្ដ្រីនគរបាលដែលបានចូលនិវត្តន៍។ អំណោយនេះត្រូវបាននាំយកទៅជូន លោក កែវ សារ៉ាន់ អតីតមេប៉ុស្ដិ៍ទូកមាសខាងកើត រស់នៅស្រុកបបន្ទាយមាស ខេត្តកំពត។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា អំណោយដែលផ្ដល់ជូននេះមានគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចក្រឡាហោ ស ខេង ចំនួន៥០ម៉ឺនរៀល និងនាយឧត្តមសេនីយ៍ នេត សាវឿន ៥០ម៉ឺនរៀលផងដែរ។

លោកស្នងការបានថ្លែងថា ចំពោះមន្រ្តីនគរបាលទូទាំងប្រទេស តែងតែត្រូវទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងបានចាត់ចែងឲ្យលោកនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាទៅប្រគល់ជូន ដើម្បីចូលរួមកាត់បន្ថយការលំបាក មួយចំនួនមួយកម្រិតថែមទៀត៕