(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅចុងសប្តាហ៍នេះ នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅខេត្ត យូណាន់ ប្រទេសចិន រយៈពេល ៦ថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់លោក ចិន ហាវ អភិបាលខេត្តយូណាន់។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងដែរនៅក្នុងដំណើរទស្សនកិច្ចនេះ  ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកការតាំងពិព័រណ៍ ចិន-អាស៊ីខាងត្បូងលើកទី៤ និងការតាំងពិព័រណ៍ពាណិជ្ជកម្មមុខទំនិញ នាំចេញ-នាំចូលរបស់ចិន-គុនមិញ លើកទី២៤។

ក្រៅពីការចូលរួមកិច្ចប្រជុំ  លោក ហោ ណាំហុង នឹងជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា អំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ចិន។

បើតាមសេចក្តីជូនដំណឹងបានឲ្យដឹងផងដែរថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏នឹងអញ្ជើញទស្សនាស្តង់ខ្មែរចំនួន ៤០ស្តង់ ដែលបានតាំងពិព័រណ៍ពាណិជ្ជកម្មបង្ហាញទំនិញ ផ្សេងៗរបស់កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ឲ្យបានច្រើនថែមទៀត ហើយក៏នឹងមានការទស្សនាតំបន់នានា នៅខេត្តយូណានផងដែរ៕