(កំពង់ឆ្នាំង)៖ លោកបណ្ឌិត​ សួស​ គង់​ រដ្ឋលេខាធិការប្រចាំការ​ តំណាងលោកបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេ ដែលធ្វើឲ្យលិចលង់ផ្លូវនានា នៅក្នុងឃុំចំនួន៥ លើ៧កន្លែង ស្មើនឹងប្រវែងជាង ២១.៥គីឡូម៉ែត្រ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ឃុំទាំង៥នោះ រួមមាន៖

១៖ ឃុំឆ្នុកទ្រូ៖ ផ្លូវសេះស្លាប់ ប្រវែងសរុប៧៥គីឡូម៉ែត្រ (ទឹកលិចលើប្រវែងជាង ២គីឡូម៉ែត្រ), ផ្លូវឆ្នុកទ្រូទៅវត្តកំពង់ព្រះ ប្រវែង២.៥គីឡូម៉ែត្រ (លិចទាំងស្រុង), ផ្លូវឆ្នុកទ្រូទៅតំបន់យុគន្ធរ ប្រវែង៤គីឡូម៉ែត្រ (លិចទាំងស្រុង)
២៖ ឃុំត្រពាំងចាន់-ឃុំឆ្នុកទ្រូ៖ ផ្លូវកណ្តាល ទៅតំបន់យុគន្ធរ ប្រវែង៤.៥គីឡូម៉ែត្រ (លិចលើ និងច្រោះជើងទេរ ប្រវែងជាង ៣.៥គីឡូម៉ែត្រ), ផ្លូវក្បាលដំរី ទៅតំបន់ក្រចាប់ ប្រវែង៣.៥គីឡូម៉ែត្រ (លិចលើប្រវែងជាង២.៥គីឡូម៉ែត្រ)
៣៖ ឃុំខុនរ៉ង៖ ផ្លូវដើមជ្រែ ទៅកំពង់អួរ ប្រវែង៧.៥គីឡូម៉ែត្រ (លិចលើប្រវែងជាង៣.៥គីឡូម៉ែត្រ)
៤៖ ឃុំមេលំ ឃុំកំពង់ព្រះគគីរ៖ ផ្លូវមេលំ ទៅកោះតាម៉ូវ ប្រវែង៧.៥គីឡូម៉ែត្រ (លិចលើ និងច្រោះជើងទេរ ប្រវែងជាង ៣.៥គីឡូម៉ែត្រ)

មានមតិសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាជនមូលដ្ឋាន លោកបានលើកឡើងថា ដោយអនុវត្តទៅតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកាលៈទេសៈដែលស្ទើរតែទូទាំងប្រទេសកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសក្រសួង ដោយបែងចែកជាក្រុមការងារចំនួន ៥មុខព្រួញសំដៅចំពោះខេត្តទទួលរងផលប៉ះពាល់សំខាន់ៗ ដើម្បីអនុវត្តនូវគោលបំណង ០៣យ៉ាងគឺ៖

(១)៖ បើផ្លូវដាច់ដោយទឹកជំនន់ ត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង ដើម្បីចាក់បំពេញផ្លូវឡើងវិញសំដៅភ្ជាប់ចរាចរណ៍ជូនប្រជាជនភ្លាម។
(២)៖ បើផ្លូវត្រូវទឹកជំនន់ហូរច្រោះ កត់ត្រា និងត្រៀមលើកគម្រោងជួសជុល ថែទាំ។
(៣)៖ បើផ្លូវត្រូវទឹកលិចទាំងស្រុង ដូចករណីក្នុងឃុំឆ្នុកទ្រូ ពេលទឹកស្រកភ្លាម អាជ្ញាធរមូលដ្ឋានត្រូវហាមឃាត់ប្រជាពលរដ្ឋកុំឲ្យបើកបរយានយន្តលើផ្លូវនោះ បង្ការកុំឲ្យផ្លូវខូចព្រោះគ្រឹះវានៅទន់នៅឡើយ។ ទន្ទឹមនេះ ត្រូវវាយតម្លៃដើម្បីត្រៀមលក្ខណៈក្នុងការលើកផែនការជួសជុល៕