(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស, លោកបណ្ឌិត Muhadir Effendy រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍ធនធានមនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី, លោក Sudirman Haseng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅប្រទេសឥណ្ឌូនេស៊ី។

ជំនួបនេះធ្វើឡើងនៅស្ថានទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ក្នុងឱកាសដែល លោកបណ្ឌិត Muhadir Effendy អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលតែងតែគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស ពង្រឹងវិស័យអប់រំ និងផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជា។

សព្វថ្ងៃនេះ សិស្សនិស្សិតបញ្ញវន្តកម្ពុជាជាច្រើនរូប ដែលកំពុងបន្តការសិក្សានៅប្រទេសឥណ្ឌូនេសុី ក្រោមការផ្ដល់ជំនួយអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងជំនួយអាហារូបករណ៍ផ្សេងៗតាមរយៈរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលមានទាំងជំនាញចំណេះដឹងទូទៅ និងសាសនា។

លោក អូស្មាន ហាស្សាន់ បន្ថែមថា អតីតនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូនេសុី ជាច្រើនរូបផងដែរ ដែលបាននិងកំពុងបម្រើការងារតាមបណ្ដាស្ថាប័នរដ្ឋ និងឯកជន ដែលក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ លោកបណ្ឌិត Muhadir Effendy បានសម្ដែងនូវអារម្មណ៍សោមនស្សរីករាយដែលបានចូលរួមក្នុងជំនួបនេះ ដែលជាការធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចប្រតិបត្តិការល្អរវាងកម្ពុជា-ឥណ្ឌូនេសុី ជាពិសេសពង្រឹងលើវិស័យវប្បធម៌ អប់រំ សេដ្ឋកិច្ច និងសុខភាពជាដើម។

សូមជម្រាបថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី តែងតែសហការជាមួយស្ថានទូតប្រចាំនៅកម្ពុជា និងបណ្ដាអង្គការស្ថាប័នអប់រំនានារបស់កម្ពុជា ក្នុងការផ្ដល់នូវអាហារូបករណ៍ដល់សិស្សនិស្សិត បើកវគ្គបណ្តុះបណ្តាលលើមុខវិទ្យាភាសាឥណ្ឌូនេស៊ី របៀបសូត្រគម្ពីរអាល់គុរអាន កម្មវិធីអប់រំស្រ្តី និងផ្សេងៗទៀត សម្រាប់ប្រជាជនកម្ពុជាផងដែរ៕