(ស្ទឹងត្រែង)៖ ដោយមានការយកចិត្តទុកដល់កងកម្លាំងឈរជើងតាមបន្ទាប់ព្រំដែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់អាវរងាដល់នាយទាហាន នាយទាហានរង ពលទាហាន រួមទាំងពលអាវុធហត្ថ និងកម្លាំងនគរបាលជាតិ នៅទិសយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

ការចែកអំណោយនេះ ធ្វើឡើងក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅយោធភូមិភាគទី១។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី តាមខែ្សបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រយោធភូមិភាគទី១។

នាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពឱ្យបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានាដែលបុព្វបុរសជំនាន់មុនៗ បានបង្កើត និងបន្សល់ទុកឱ្យជំនាន់ក្រោយ។

ជាមួយគ្នានេះ នាយឧត្តមឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអរគុណ និងកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់បងប្អូនចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងការការពារបូរណភាពទឹកដីដោយភាពសហការ អំណត់អត់ធន់ រួមជាមួយភាពម៉ឺម៉ាត់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ធានាបាននូវសន្តិសុខ និងស្ថិរភាពជូនប្រជាពលរដ្ឋតាមបណ្តោយបន្ទាត់ព្រំដែន និងសូមកោតសរសើរចំពោះការ ការពារមិនឱ្យមានការរីករាលដាលនូវជំងឺរាតត្បាតកូវីដ១៩ ក្នុងអង្គភាព និងគ្រួសាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

បើតាម លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធិ មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី១ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមគ្គុទេសដ៏ឆ្នើមតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលនិយាយជារួម និងនិយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញភារកិច្ចការពារជាតិ ទឹកដី ក្នុងភូមិសាស្ត្រយោធភូមិភាគទី១ គឺសម្ដេចទាំងទ្វេតែងតែគិតគូរជានិច្ច ដោយនៅរដូវវស្សាផ្តល់អាវភ្លៀង និងរដូវត្រជាក់ផ្ដល់អាវរងាជារៀងរាល់ឆ្នាំផងដែរ។

ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធិ បានបន្តថា កងទ័ពនៅទូទាំងយោធភូមិភាគទី១ សូមប្តេជ្ញាស្មោះត្រង់ ជឿជាក់ ឥតងាករេលើការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទៈរាស្ត្រ និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តបោះឆ្នោតគាំទ្រសម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងអាណត្តិបន្តៗទៀត ព្រមទាំងគាំទ្រ បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

បន្ថែមពីនេះ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធិ បានបញ្ជាក់ថា យោធភូមិទី១ បានប្ដេជ្ញាបន្តកសាងអភិវឌ្ឍ អង្គភាពរឹងមាំលើគ្រប់វិស័យ ពង្រឹងប្រព័ន្ធប្រៀបការពារជាតិ តាមពាក្យថា «រក្សាចាស់ បង្កើនថ្មី»៕