(បន្ទាយមានជ័យ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យ ការប្រើប្រាស់ឥណទាន និងសំណេះសំណាល ជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅក្នុងភូមិសាស្ត្រ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់។

តាមការឲ្យដឹងត្រួសៗ ពីសំណាក់បងប្អូន, ការចញ្ចឹមទាយកពង កំពុងជួបបញ្ហាប្រឈម ដោយសារទឹកជំនន់ និងស្របពេលបរិមាណស៊ុតទានឹងថយចុះ។ ដោយឡែកបញ្ហាប្រឈមមួយទៀត គឺការស្វែងរកទីទួលសម្រាប់ទា។ មួយវិញទៀត អ្វីដែលជាក្តីបារម្មណ៍របស់បងប្អូនសហគមចញ្ចឹមទា គឺបញ្ហាចំណីទាពង ឡើងថ្លៃ ដែលនាំអោយការចំណេញមានការថយចុះ។

យកឱកាសនោះ, លោកបណ្ឌិត កៅ ថាច បានចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយនេះ។ មួយវិញទៀត, លោកបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន ធ្វើការគិតគូរគ្នាចងក្រងគ្នាជាបណ្តុំអ្នកចញ្ចឹមទា ឬជាសហគម ដើម្បីពិនិត្យលទ្ធភាពកាត់ស្តុកចំនីទាពង ចេញពីរោងចក្រផ្ទាល់តែម្តង ដោយប្រើប្រាស់កញ្ចប់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ការណ៍នេះ ដើម្បីទទួលបានតំលៃសមរម្យ និងធូរថ្លៃជាងទិញចំនីពីដេប៉ូ និងជួយកាត់បន្ថយថ្លៃដើមផលិតបានមួយកំរិត។ បន្ទាប់ពីទឹកស្រកវិញ, លោកបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនសហគម អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងករណីដែលបងប្អូនមានតម្រូវការឥណទានបន្ថែម ដើម្បីស្តារអាជីវកម្មឡើងវិញ។

ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូន ដែលកំពុងជួបប្រទះដោយសារទឹកជំនន់, លោកបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕