(ក្រចេះ)៖ លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំស្ដីពីការវាយតម្លៃផលប៉ះពាល់ និងការខូចខាតលើដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក្រោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ និងការផ្ដល់ពូជស្រូវ និងពូជដំណាំសម្រាប់ការស្ដារឡើងវិញនៅសាលាខេត្តក្រចេះ។

ក្នុងកិច្ចប្រជុំនោះលោក គង់ គឹមនី អភិបាលរងខេត្ត បានឲ្យដឹងថា ស្ថិតិចំនួនប្រជាពលរដ្ឋ ផ្ទៃដីស្ដារឡើងវិញ និងតម្រូវការគ្រាប់ពូជស្រូវ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីរងការខូចខាត ដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លមេគង្គ ឆ្នាំ២០២២នេះ មានស្រុកចំនួន៤ ក្រុង១ រួមមាន៖

*ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ស្រុកចិត្របុរី និងក្រុងក្រចេះ សរុបស្មើ៣,៦៧៦គ្រួសារ ផ្ទៃដីស្តារឡើងវិញចំនួន ២,៧៨៤.៤៩ ហិកតា, តម្រូវការស្រូវពូជចំនួន ៣៦៧,៦០០ គីឡូក្រាម ក្នុងនោះមានពូជស្រូវសែនក្រអូបក៏ត្រូវចែកជូនផងដែរ។

លោក លី ផល្លា បានបញ្ជាក់ថា បេសកកម្មនៃការចុះពិនិត្យ និងប្រមូលទិន្ន័យ នៃផលប៉ះពាល់គ្រោះមហន្តរាយនេះ មានការកំណត់តែរយៈពេល១០ថ្ងៃប៉ុណ្ណោះ ដើម្បីដាក់ជូនសម្តេចតេជោពិនិត្យពិភាក្សា ដើម្បីធ្វើការបែងចែកឆ្លើយតប ឲ្យបានទាន់ពេលវេលា តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម បើទោះបីជាកន្លែងខ្លះអាចស្តារវិញបាន និងកន្លែងខ្លះមិនអាចស្តារវិញបានក៏ដោយ។

ទន្ទឹមនឹងនោះដែរ លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់អាជ្ញាធរខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង និងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋ ដើម្បីស្តារ និងសង្គ្រោះឡើងវិញឲ្យទាន់ពេលវេលា ពិសេសត្រូវត្រួតពិនិត្យប៉ះពាល់ឡើងវិញនូវស្រុកដែលរងគ្រោះខ្លាំងជាងគេ៕