(កំពង់ធំ)៖ លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ បានជំរុញឱ្យបងប្អូនជនជាតិដើមភាគតិចគួយ ចូលរួមអភិរក្សថែរក្សាវប្បធម៌ ប្រពៃណី ជំនឿឱ្យបានគង់វង្សតកូនចៅជំនាន់ក្រោយ។

លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៨ និងលើកទី១៨ នៅកម្ពុជា ក្រោមប្រធានបទ «តួនាទីស្ត្រីជនជាតិដើមភាគតិចក្នុងការអភិរក្សនិងការផ្ទេរចំណេះដឹងប្រពៃណី» ដែលបានរៀបចំឡើងនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

កម្មវិធីនេះមានការអញ្ចើញចូលរួមពីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ បងប្អូនជនជាតិដើមភាគតិចនិង សិស្សានុសិស្សជិត៣០០នាក់។ លោក ថុង ប៊ុនធាង ប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន១៦០ភូមិ ជនជាតិដើម នៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។

ក្រសួងមហាផ្ទៃ បានទទួលស្គាល់សហគមន៍ជានីតិបុគ្គលបានចំនួន ១៥២សហគមន៍ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញប័ណ្ណកម្មសិទ្ធិដីសមូហភាពបាន ចំនួន ៣៧សហគមន៍។

ដោយឡែក សម្រាប់ខេត្តកំពង់ធំ មានបងប្អូនជនជាតិដើមភាគតិច រស់នៅមានចំនួន ០៥ស្រុក ១១ឃុំ ៣០ភូមិ ក្នុងនោះមាន៖

*ទី១៖ ស្រុកសណ្តាន់ មាន ០២ឃុំ ១០ភូមិ មានចំនួនគ្រួសារសរុប៥៤៤ ប្រជាជនសរុប ២,៤២៧នាក់ (ស្រី១,១៩១នាក់) និងមានផ្ទៃដីសរុប២,០៤៥,៣១ ហិកតា (ដីលំនៅដ្ឋាន ស្រែ ចំការ ព្រៃ វត្ត លោកតា កប់ខ្មោច)
*ទី២៖ ស្រុកប្រាសាទសំបូរ មាន ០២ឃុំ ០៣ភូមិ មានចំនួនគ្រួសារសរុប៨៤៨ ប្រជាជនសរុប ៣,៨៤៣នាក់ (ស្រី១,៩៣៧នាក់) និងមានផ្ទៃដីសរុប ១២,២៥៣.២០ហិកតា (ដីលំនៅដ្ឋាន ស្រែ ចំការ ព្រៃ វត្ត លោកតា កប់ខ្មោច)
*ទី៣៖ ស្រុកប្រាសាទបល្ល័ង្ក មាន ០៤ឃុំ ១២ភូមិ មានចំនួនគ្រួសារសរុប ១,៧០៥ ប្រជាជនសរុប៧,៥៨៨នាក់ (ស្រី៣,៩៤២នាក់) និងមានផ្ទៃដីសរុប ២១,២៣៤.៦០ ហិកតា (ដីលំនៅដ្ឋាន ស្រែ ចំការ ព្រៃ វត្ត លោកតា កប់ខ្មោច)
*ទី៤៖ ស្រុកកំពង់ស្វាយ មាន ០២ឃុំ ០៤ភូមិ មានចំនួនគ្រួសារសរុប២០៩ ប្រជាជនសរុប ៩២៥នាក់ (ស្រី៤៧៥ នាក់) និងមានផ្ទៃដីសរុប ១,៦០៣.២៧ ហិកតា (ដីលំនៅដ្ឋាន ស្រែ ចំការ ព្រៃ វត្ត លោកតា កប់ខ្មោច) *ទី៥៖ ស្រុកសន្ទុក មាន ០១ឃុំ ០១ភូមិ មានចំនួនគ្រួសារសរុប៤០ ប្រជាជនសរុប ១០០នាក់ (ស្រី៦១នាក់) និងមានផ្ទៃដីសរុប ១៧.០០ ហិកតា (ដីលំនៅដ្ឋាន ស្រែ ចំការ ព្រៃ)។

លោក មុំ ចែម បន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិ ហើយធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឥតឈប់ឈរធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ទន្ទឹមនោះសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងទោះបីសម្តេចនៅឆ្ងាយក៏សម្តចនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋព្រប់ពេលវេលា។

ទន្ទឹមនឹងមានការរីកចម្រើន សូមឱ្យប្រជាពលរដ្ឋត្រូវចូលរួមអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ជំនឿ ឱ្យបានគង់វង្ស និងលើកស្ទួយតម្លៃកេរ្តិ៍ដំណែលបុព្វបុរសបានបន្សល់ទុកឱ្យដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តជាតិថាខ្មែរមានជំនឿ វប្បធម៌ ប្រពៃណីតាំងពីយូរយារណាស់មកហើយ។

ជាមួយគ្នានេះ លោកបានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធចូលរួមពង្រឹងបង្ហាត់បង្ហាញដល់បងប្អូនដូចជាពិធី សែនព្រេន ច្រៀងរាំ របាំប្រពៃណី របាំដាំស្រូវ របាំបេះផ្លៃឈើ និងរបាំជាច្រើនទៀត ព្រមទាំងបង្ហាត់បង្ហាញពីសិប្បកម្មដោយដៃ នៅក្នុងមូលដ្ឋានដូចជាក្រងនូវសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ជាដើម។

លោកបានបន្តទៀតថា កន្លងមករដ្ឋាភិបាលបានសម្របសម្រួល និងជំរុញឲ្យមានការបង្កើតសម្ព័ន្ធជនជាតិដើមភាគតិច តាមរយៈការចុះបញ្ជីទទួលស្គាល់នៅក្រសួងមហាផ្ទៃ ដើម្បីឲ្យសហគមន៍ជនជាតិដើមភាគតិច មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងនាមមន្ទីរអភិវឌ្ឍន៍ជនបទ យើងនឹងបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានាក្នុងការថែរក្សាវប្បធម៌ ប្រពៃណី ភាសា ស្នាដៃ កេរ្តិ៍ដំណែលផ្សេងៗរបស់ជនជាតិដើមភាគតិចតាមរយៈការបង្កើតមជ្ឈមណ្ឌលវប្បធម៌ ជនជាតិដើមភាគតិច ជាពិសេសយើងនឹងបន្តគាំទ្រការអនុវត្ត គម្រោងការពារធនធានធម្មជាតិនិងជីវចម្រុះដើម្បីជាប្រយោជន៍សង្គមនិងបរិស្ថានតាមរយៈការលើកកម្ពស់ការចូលរួម ជាមួយអាជ្ញាធរនិងអ្នកពាក់ព័ន្ធក្នុងដំណើរការ កំណត់តំបន់គ្រប់គ្រងនៅក្នុងតំបន់ការពារធម្មជាតិសំដៅលើកកម្ពស់ ជីវភាពរបស់ជនជាតិដើមភាគតិច។

ជាមួយគ្នានេះ តំណាងបងប្អូនជនជាតិដើមភាគតិចគួយបានសំណូមពរដល់អង្គភាពពាក់ព័ន្ធសូមជួយធ្វើការបណ្តុះបណ្តាល ដល់ពួកគាត់និងក្មេងជំនាន់ក្រោយពីល្បែង របាំ ប្រពៃណី ដើម្បីយកទៅប្រើប្រាស់និងប្រាក់កម្រៃផងដែរ៕