(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ រយ:ពេល៩ខែ ទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានចែកអាវរងារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង និងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តស្រុក ក្រុង ស្នាក់សន្តិសុខជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានក្រើនរំលឹក និងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន តាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕