(ក្រចេះ)៖ លោក ដួង ពៅ អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអង្គការទស្សនៈពិភពលោក ដែលនាំយកអំណោយសប្បុរសធម៌មួយចំនួន ប្រគល់ជូនទៅដល់រដ្ឋបាលស្រុកចំនួន៣ ក្នុងខេត្តក្រចេះ មានស្រុកព្រែកព្រសព្វ ស្រុកស្នួល និងស្រុកសំបូរ។

អំណោយនេះ សម្រាប់ចែកជូនបន្តទៅដល់តាមការិយាល័យអប់រំការិយាល័យសុខាភិបាល និងរដ្ឋបាលឃុំសង្កាត់នៅតាមមូលដ្ឋាន រួមមាន ម៉ាសចំនួន ៥០ម៉ឺនមាស តុចំនួន២៤៦ និងកៅអីចំនួន២១៧ ដើម្បីជួយសម្រួលនៅក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

លោក លី វិរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក (World Vision) បានលើកឡើងថា World Vision បានរួមចំណែកនៅក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា នាបច្ចុប្បន្ន បានធ្វើការងារបេសកកម្មរបស់ខ្លួន ក្នុងខេត្តមួយចំនួន ហើយធ្វើការងារផ្ដោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល។ ក្នុងនោះភាគច្រើន គឺផ្ដោតទៅលើកុមារនិងជនងាយរងគ្រោះ ក្រៅពីនោះក៏មានកម្មវិធីទឹកស្អាត និងកម្មវិធីអនាម័យនៅក្នុងមូលដ្ឋានភូមិឃុំ និងកម្មវិធីសុវត្ថិភាពផ្សេងៗទៀត រាប់ទាំងការចាក់ថ្នាំបង្ការកូវីដ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗផងដែរ។

លោក ដួង ពៅ អភិបាលរងខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុក ដែលបានសហការជាមួយនឹងអង្គការនេះ ចំពោះការឧបត្ថម្ភ។

លោកអភិបាលរងខេត្ត បញ្ជាក់ទៀតថា អំណោយនេះគឺបានផ្សារភ្ជាប់ ជាមួយនឹងទឹកចិត្តស្រឡាញ់ និងការទំនាក់ទំនងជាមួយរដ្ឋាភិបាល ជាពិសេសប្រជាជនដែលនៅក្នុងទឹកដីខេត្តក្រចេះ គឺផ្សាភ្ជាប់តាមរយៈសម្ភារៈ និងបេសកកម្មការងាររបស់ ​World Vision នៅក្នុងទឹកដីខេត្តក្រចេះ បានធ្វើឲ្យទំនាក់ទំនងរបស់យើងមានការសាមគ្គីភាព ហើយការចូលរួមថ្ងៃនេះ ក៏បានរួមចំណែកជាមួយថ្នាក់ដឹកនាំស្រុក លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងមន្ត្រីសុខាភិបាលទាំងអស់ នៅក្នុងមូលដ្ឋានស្រុកសំបូរស្រុកព្រែកប្រសព្វ និងស្រុកស្នួល បានយកសម្ភារៈទាំងអស់នោះ ទៅប្រើប្រាស់ បើទោះបីជាសម្ភារៈទាំងនោះមានតិច ឬច្រើន តែវាជាការផ្សារភ្ជាប់រវាងប្រជាជនកម្ពុជា និងប្រជាជនសិង្ហបុរីតទៅមុខទៀត។

លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យអង្គការ រៀបចំផែនការសកម្មភាព ផ្សារភ្ជាប់ជាមួយនឹងរដ្ឋបាលខេត្តស្រុកនិងអង្គភាពជំនាញពាក់ព័ន្ធ ក្នុងការបន្តបេសកកម្មរបស់ខ្លួនដើម្បីចូលរួមអភិវឌ្ឍន៍ឃុំសង្កាត់របស់យើង ឲ្យមានការរីកចម្រើនថែមទៀត៕