(ភ្នំពេញ)៖ បុគ្គលល្បីៗរបស់កម្ពុជាចំនួន៤រូប នឹងជជែកដេញដោលក្នុងកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។

វាគ្មិននៃវេទិកានេះ មានដូចជា៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រចារ្យប្រវត្តិសាស្ត្រ, លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ពុយ គា អ្នកសារព័ត៌មានកម្ពុជា ដែលស្ថិតនៅក្រោមការសម្របសម្រួលដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

សូមជម្រាបថា ក្រោយពេលប្រទេសរុស្ស៉ី បានឈ្លានពានប្រទេសអ៊ុយក្រែន កាលពីដើមឆ្នាំ២០២២នេះ បណ្តាប្រទេសជាច្រើន ដែលនាំមុខដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសម្រុកដាក់ទណ្ឌកម្មជាហូរហែរលើប្រទេសរុស្ស៉ី ដែលនាំឱ្យសេដ្ឋកិច្ចពិភពលោក ហាក់ឈានចូលដល់ចំណុចមួយនាំឱ្យមានការព្រួយបារម្ភ ព្រោះទណ្ឌកម្មទាំងនោះវាមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៉ីប៉ុណ្ណោះទេ ហើយថែមទាំងពិភពលោកទាំងមូលលើវិស័យសន្តិសុខស្បៀង ឧស្ម័ន និងថាមពលកំពុងតែមានសញ្ញាចេញមកជាបន្ទបន្ទាប់ ជាពិសេសការគំរាមកំហែងនៃការប្រឈមមុខដាក់គ្នាខាងអាវុធនុយក្លេអ៊ែរ ក៏កាន់តែមានភាពខ្លាំងក្លាឡើង។

ក្នុងបរិការណ៍នេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មីនិងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ» ក្នុងគោលបំណងបង្ហាញពីផលប៉ះពាល់នានាដែលនឹងអាចកើតមាន ព្រមទាំងបញ្ហាប្រឈម ទាំងទិដ្ឋភាពទ្រឹស្ដីនិងទិដ្ឋភាពជាក់ស្ដែងដើម្បីឱ្យមហាជនបានដឹង និងជ្រាបពីការវិវត្តថ្មីនៃសណ្តាប់ធ្នាប់ពិភពលោកក្នុងដំណាក់កាលថ្មី៕