(បាត់ដំបង-បន្ទាយមានជ័យ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញចុះត្រួតពិនិត្យមើល ការប្រមូលទិញស្រូវពីកសិករ របស់រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង និងរោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ស្របពេលនៃរដូវទឹកជំនន់ កំពុងបំផ្លាញទិន្នផលស្រូវ របស់បងប្អូនកសិករក្នុងតំបន់, លោកបណ្ឌិត កៅ ថាច បានបន្តធ្វើការសំណូមពរ លើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងពីរ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥គ្រួសារ និងជាសមាជិកសហគមកសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់ បានបំផ្លាញផលដំណាំស្រូវ និងបន្លែផ្សេងៗដែលជិតទទួលផល និងកំពុងប្រមូលផល។

យកឱកាសនោះ លោកបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីសោកស្តាយ ជូនចំពោះបងប្អូនសហគមដែលបានជួប និងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅរដូវនេះ។

ជាមួយគ្នានេះ ដើម្បីចូលរួមចែករំលែកនូវបញ្ហារបស់បងប្អូនសហគមន៍កំពុងជួបប្រទះ លោកបណ្ឌិត បានអនុញ្ញាត ដល់បងប្អូនធ្វើការលើកជាយោបល់ ក៏ដូចជាធ្វើសំណូមពរផ្សេងៗ ដើម្បីលោកបណ្ឌិត ជួយរកដំណោះស្រាយជូន។

ជាមួយគ្នានេះ, ស្រូវរបស់បងប្អូន បានត្រូវជន់លិច និងបំផ្លាញទាំងស្រុង ហើយចំការបន្លែរបស់បងប្អូនក្នុងសហគមន៍មួយចំនួនក៏ត្រូវលិចលង់ផងដែរ។ បងប្អូនបានធ្វើសំណូមពរ មកកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើសុំពិនិត្យលទ្ធភាពដើម្បីកែសម្រួលរបៀបទូទាតសងប្រាក់ដើម និងការប្រាក់ និងស្នើសុំកម្ចីបន្ថែម ដើម្បីយកទៅដាំដុះសារឡើងវិញបន្ទាប់ពីទឹកស្រកវិញ។
ជាការឆ្លើយតប លោកបណ្ឌិត បានអនុញ្ញាតឲ្យមន្ត្រីជំនាញរបស់ធនាគារ ធ្វើការសិក្សាឥណទានឡើងវិញ តាមការស្នើសុំជាក់ស្តែងរបស់បងប្អូន។ ជាការរួមចំណែកដោះស្រាយបញ្ហា របស់បងប្អូនសហគម, លោកបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕