(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ពលអាវុធហត្ថ និងកម្លាំងគរបាលជាតិ កំពុងបំពេញភារកិច្ចការពារជាតិទឹកដី នៅទិសយោធភូមិភាគទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលជាកងកម្លាំងប្រដាប់អាវុធទាំងអស់ បានខិតខំយកអស់កម្លាំងកាយចិត្ត ពុះពារគ្រប់ការលំបាកបំពេញបេសកកម្មការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារទឹកដី តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បានទាន់ពេលវេលា បញ្ហាប្រឈមនៃរោគរាតត្បាតជាសកលជំងឺកូវីដ១៩ តាមរយៈនៃការត្រួតពិនិត្យ និងទប់ស្កាត់លំហូរនៃការឆ្លងដែនខុសច្បាប់ពីសំណាក់ពលរដ្ឋនៅតាមព្រំដែនបានយ៉ាងទាន់ពេលវេលា។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានពន្យល់ពីគុណតម្លៃក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនា ដល់ការអភិវឌ្ឍ តាមរយ:បំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។

នាយឧត្ដមសេនីយ៍ បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធទូទាំងយោធភូមិភាគទី២ ឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីជាតិតែមួយ ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។

ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយដោះស្រាយរាល់ទុក្ខលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ ដែលនៅជិតមូលដ្ឋានបោះទ័ពរបស់ខ្លួន ព្រោះថារដូវនេះកម្ពុជា ទទួលនូវរងគ្រោះដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ខ្យល់ព្យុះ ដែលបណ្ដាលឱ្យភូមិស្រុកប្រជាពលរដ្ឋមួយចំនួនរងនូវការជនលិច រលំបាក់ផ្ទះ ដែលតម្រូវឲ្យកងកម្លាំងរបស់យើងត្រូវអន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងការងារជួយសង្គ្រោះនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកដល់នាយទាហាន និងពលទាហានក្នុងយោធភូមិភាគទី២ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនៅវិធានសុខាភិបាល «៣កុំ និង៣ការការពារ» ដើម្បីចូលរួមចំណែកទប់ស្កាត់ជំងឺឆ្លងជាសកលកូវីដ១៩ កុំឱ្យកើតមានសាជាថ្មីនៅលើទឹកដីកម្ពុជា ជាលើកទី២។

បើតាមឧត្តមសេនីយ៍ទោ អ៊ាត ប៊ុនធឿន មេបញ្ជាការរងយោធភូមិភាគទី២ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមគ្គុទេសដ៏ឆ្នើមតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលនិយាយជារួម និងនិយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញភារកិច្ចការពារជាតិ ទឹកដីក្នុងភូមិសាស្ត្រយោធភូមិភាគទី២ គឺសម្ដេចទាំងទ្វេតែងតែគិតគូរជានិច្ច ដោយនៅរដូវវស្សាផ្តល់អាវភ្លៀង និងរដូវត្រជាក់ផ្ដល់អាវរងាជារៀងរាល់ឆ្នាំផងដែរ ។

ឧត្តមសេនីយ៍ទោ អ៊ាត ប៊ុនធឿន បានបន្តថា កងទ័ពនៅទូទាំងយោធភូមិភាគទី២ ប្តេជ្ញាស្មោះត្រង់ ជឿជាក់ ឥតងាករេលើការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទៈរាស្ត្រ និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តបោះឆ្នោតគាំទ្រសម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងអាណត្តិបន្តៗទៀត ព្រមទាំងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

បន្ថែមពីនេះ ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា យោធភូមិទី២ បានប្ដេជ្ញាបន្តកសាងអភិវឌ្ឍ អង្គភាពរឹងមាំលើគ្រប់វិស័យ ពង្រឹងប្រព័ន្ធប្រៀបការពារជាតិតាមពាក្យថា «រក្សាចាស់ បង្កើនថ្មី»