(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជួបពិភាក្សាការងារជាមួយលោក Andreas Vyras អភិបាលក្រុងឡាណាកា (Larnaka) នៃសាធារណរដ្ឋស៉ីប ជាមួយនឹងការចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៉ីប (Cyprus) ក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាជននៃទីក្រុងទាំងពីរ។

ការជួបពិភាក្សាការងារ និងចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ រវាងទីក្រុងទាំងពីរ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាង ៥សតវត្សរ៍ ពិសេសលើកពីសម័យរបប ប៉ុល ពត ដែលបានធ្វើឲ្យកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិ ចេញពីរបបនេះ និងធ្វើឲ្យកម្ពុជា ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

ស្របជាមួយនឹងការអភិវឌ្ឍនេះ លោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហាលំនៅដ្ឋានមិនរៀបរយ និងបញ្ហាការទប់ស្កាត់កូវីដ-១៩ជាដើម ដែលបញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយយ៉ាងសកម្ម ផងដែរ។ កម្ពុជា​ ក៏បានកសាងមន្ទីរពេទ្យ សម្រាប់ព្យាបាលកូវីដ-១៩ និងព្យាបាលជំងឺផ្សេងៗទៀត ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើន នៅលើពិភពលោក ហើយថ្ងៃនេះរាជធានភ្នំពេញក៏មានកិត្តិយស ដែលបានចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៉ីប។

លោក ឃួង ស្រេង បានបញ្ជាក់ថា លោកមានបំណងចង់ឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងវៃឆ្លាត នៅពេលដ៏ខ្លីខាងមុខនេះ។

លោក Andreas Vyras ក្នុងឱកាសនោះ បានលើកឡើងពីភាពរីកចំរើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលលោកនឹកស្មានមិនដល់ ហើយអ្វីដែលពិសេសថែមទៀតនោះ កម្ពុជាក៏ដូចជារាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អជុំវិញការរាតត្បាតនៃកូវីដ-១៩ ដែលលោកសុំរៀនសូត្រពីបទពិសោធន៍ទាំងនេះពីកម្ពុជា។ បន្ថែមពីនេះ ក្នុងគោលបំណងពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ អ្វីជាបទពិសោធន៍របស់ទីក្រុង Larnaka មាន នឹងយកមកចែករំលែកជូនរាជធានីភ្នំពេញ ដែលមានដូចជា ចំណតឆ្លាត ភ្លើងបំភ្លឺឆ្លាត ការគ្រប់គ្រងសំណល់រឹង ឆ្លាតជាដើម។

ក្នុងឱកាសនោះ តំណាងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងតំណាងឲ្យទីក្រុងឡាណាកា លោក Andreas អភិបាលក្រុងឡាណាកា សាធារណរដ្ឋស៉ីប បានចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ និងទីក្រុងឡាណាកា ក្នុងគោលបំណង ដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នា ទៅវិញទៅមក រវាងប្រជាជននៃទីក្រុងទាំងពីរ ហើយជាពិសេសដើម្បីលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងទីក្រុងឡាណាកា៕