(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានជួបប្រជុំជាមួយ គណៈប្រតិភូប្រទេសសាយប្រឹស (Cyprus) ដែលដឹកនាំដោយលោក អេនដ្រីអាស វីរ៉ាស់ (Andreas Vyras) អភិបាលក្រុងឡាណាកា នៃប្រទេសសាយប្រឹស។

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និង ឱកាសក្នុងការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសសាយប្រឹស។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ាប្រធាន បានស្វាគមន៍ប្រតិភូប្រទេសសាយប្រឹស មកកាន់កម្ពុជា និងលើកទឹកចិត្តដល់ការជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនង រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាយប្រឹស។

លោកអភិបាលក្រុង បានចែករំលែកអំពីសក្តានុពល និងស្ថានភាពសេដ្ឋកិច្ច នៃប្រទេសសាយប្រឹស ព្រមទាំងបានគូសបញ្ជាក់ពីភូមិសាស្ត្រសេដ្ឋកិច្ចរបស់សាយប្រឹសដែលដើរតួជាច្រកសេដ្ឋកិច្ចរវាងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា។

កិច្ចប្រជុំនេះ បានបញ្ចប់ជាមួយលទ្ធផលដ៏ល្អប្រសើរដោយ ភាគីទាំងសងខាងបានឯកភាព លើការរៀបចំចុះអនុស្សារណៈ នៃការយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ និងពិនិត្យលទ្ធភាព ក្នុងការរៀបចំគណៈប្រតិភូធុជនសាយប្រឹស មកបំពេញទស្សនកិច្ចនៅកម្ពុជា ឬ គណៈប្រតិភូធុរជនកម្ពុជា ទៅកាន់ទីក្រុងសាយប្រឹស៕