(កំពង់ចាម)៖ លោក ផេង វ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ជំនួសលោក កែវ វុទ្ធី ដែលចូលនិវត្តន៍។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបភាពលោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមនិង លោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

បន្ទាប់ពីពិធីប្រគល់ត្រា និងការប្តេជ្ញាចិត្ត របស់លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត, លោក អ៊ុន ចាន់ដា បានថ្លែងថា «ខ្ញុំសូមដាក់ក្តីសង្ឃឹម និងជឿជាក់លើលោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលទើបទទួលបានការតែងតាំងថ្មី ក្នុងការបន្តដឹកនាំគ្រប់គ្រងលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្ត ឲ្យមានការអភិវឌ្ឍ រីកចម្រើនថែមទៀត ស្របទៅនឹងនវានុវត្តន៍ថ្មីៗ នៃយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីធានានូវនិរន្តរភាព នៃដំណើរឆ្ពោះទៅមុខ នៃយន្តការអភិវឌ្ឍន៍របស់កម្ពុជាយើង»

លោកអភិបាលខេត្តបានជំរុញប្រធានមន្ទីរ ត្រូវមានការទទួលខុសត្រូវខ្ពស់ នូវការងារស្នូលរបស់អង្គភាព ដែលជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ
*ទី២៖ ត្រូវមានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់
*ទី៣៖ ត្រូវមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្តីណែនាំ
*ទី៤៖ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងនូវវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងព័ត៌មាន
*ទី៥៖ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសុខដុមនីយកម្ម
*ទី៦៖ ត្រូវយកចិត្តទុកដាក់បណ្តុះ បណ្តាលសមត្ថភាពមន្ត្រីរាជការក្រោមឱវាទជាប្រចាំ
*ទី៧៖ ត្រូវយកចិត្តទុកដាក់ក្នុងការកែលម្អសោភណភាព អនាម័យ បរិស្ថានទាំងក្នុង និងក្រៅបរិវេណបច្ចេកវិទ្យាមន្ទីរ ៕