(ភ្នំពេញ)៖ លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងថា (NPIC) រាជរដ្ឋាភិបាលបានផ្តោត លើតួនាទីសំខាន់របស់វិស័យឯកជន និងបានចាត់ទុកវិស័យឯកជនជាកម្លាំងជំរុញ សម្រាប់ការអភិវឌ្ឍមូលធនធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសសាធារណៈរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្នែកបច្ចេកទេសស្ថិតក្រោមសមត្ថកិច្ចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន អាយជីធិក គ្រុប (IG Tech) ដែលជាបណ្ដុំនៃក្រុមហ៊ុនមានការរីកចម្រើនខ្លាំងលើផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងកម្ពុជា ព្រមទាំងបានឈានចូលដល់និងមានវត្តមាននៅទីផ្សារអន្តរជាតិ ដែលមានក្រុមហ៊ុន អាយឌាលីង ខនសាល់ធីង ជាសមាជិកដំបូងរបស់ខ្លួន បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់គាំទ្រដល់ការអភិវឌ្ឍផលិតផល ឬដំណោះស្រាយបច្ចេកវិទ្យាដែលផ្ដួចផ្ដើមដោយក្រុមហ៊ុន អាយជីធិក គ្រុប ក៏ដូចជាសហការសិក្សាស្រាវជ្រាវលើគម្រោង ដែលមានសក្ដានុពលរួមគ្នា។

លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងថា កិច្ចសហការរវាងសាលាបច្ចេកទេស និងវិស័យឯកជន មិនត្រឹមតែជាយន្តការដ៏ល្អមួយសម្រាប់លើកកម្ពស់ការបណ្ដុះបណ្ដាលប្រកបដោយផលិតភាពនោះទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះក៏ជាយុទ្ធសាស្រ្តដ៏ប្រសើរមួយសម្រាប់ក្រុមហ៊ុន ក្នុងការប្រមូលផ្តុំយុវជនដែលមានសក្ដានុពលឲ្យចូលរួមជាមួយនឹងសកម្មភាពរបស់ពួកគេ។ សម្រាប់និស្សិត ពួកគេនឹងទទួលបានឱកាសច្រើនបន្ថែមទៀត ក្នុងការរៀនសូត្រអំពីពិភពការងារជាក់ស្តែង តាមរយៈការប្រើប្រាស់ជំនាញដែលទទួលបានពីសាលា ចំណែកឯវិស័យឯកជនវិញ ក៏នឹងអាចទាក់ទាញបាននូវកម្លាំងពលកម្មប្រកបដោយថាមវន្តមកចូលរួមជាក្រុមការងារ។

លោកបន្តថា «យន្តការ ឈ្នះឈ្នះនេះ ក៏នឹងផ្សារភ្ជាប់ការបណ្ដុះបណ្ដាលបច្ចេកទេសទៅនឹងបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍឥតឈប់ឈរផងដែរ។ ម្យ៉ាងវិញទៀត កិច្ចសហការដែលយើងកំពុងធ្វើនាពេលនេះ ក៏ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីភាពជាដៃគូនៃវិស័យសាធារណៈឯកជន (PPP) ដែលរាជរដ្ឋាភិបាលបានផ្តោត លើតួនាទីសំខាន់របស់វិស័យឯកជន និងបានចាត់ទុកវិស័យឯកជនជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍមូលធនធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ»។

ក្រោមកិច្ចសហប្រតិបត្តិការនេះ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា នឹងផ្តល់ការគាំទ្របច្ចេកទេសដល់ក្រុមហ៊ុន អាយជីធិច ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់គម្រោងផលិតផលបច្ចេកវិទ្យាដែលបានកំណត់។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ នឹងរួមគ្នាសិក្សាពីសក្ដានុពលនៃកិច្ចសហការលើគម្រោងស្រាវជ្រាវ កម្មវិធី ឬគម្រោងជាក់ស្តែងនានា ដែលដែលឯកភាពដោយភាគីទាំងពីរ។

លោក គឹម ពុធគីរី អគ្គនាយកក្រុមហ៊ុនអាយជីធិក គ្រុប បានលើកឡើងបន្ថែមថា «យើងកសាង អាយជីធិក គ្រុប ចេញពីគុណតម្លៃ ដែលបង្កើតដោយក្រុមការងាររបស់យើង តាមរយៈការអភិវឌ្ឍសហគ្រិនភាព និងបង្កើនសមត្ថភាពជំនាញ។ តាមរយៈការប្រឡូកចូលគម្រោងនវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងមានការប្រឈមយ៉ាងខ្លាំងក្នុងការស្វែងរកក្រុមការងារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាពិសេសលើជំនាញវិស្វកម្ម»។

លោកបន្តថា កិច្ចសហការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងជួយពន្លឿនគម្រោងបច្ចេកវិទ្យាទំនើបរបស់យើង ព្រមទាំងជំរុញការសិក្សានវានុវត្តន៍បច្ចេកវិទ្យាបន្ថែមទៀត តាមរយៈគម្រោងសហការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា៕