(ព្រះវិហារ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកជ័យសែន កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នាំយកទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ចំនួន២៤៧គ្រួសារ នៅឃុំតស៊ូនិងឃុំពុទ្រា ស្រុកជ័យសែន។

នៅក្នុងឱកាសនោះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរតែងគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពិសេសបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។

លោក គីម រិទ្ធី បានលើកឡើងថា ការចូលរួមជួយគ្នាក្នុងគ្រាលំបាកនេះ គឺជាកិច្ចការចាំបាច់បំផុតដែលប្រមុខរាជរដ្ឋាភិបាលសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុក ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងអាហារឡើយ។

លោកបានកោតសរសើដល់ប្រជាពលរដ្ឋស្រុកជ័យសែន ដែលមានទំលាប់ប្រពៃណីល្អ ក្នុងការធើ្វស្រែបែបធម្មជាតិ គ្មានប្រើប្រាស់សារធាតុគីមី ហើយស្រូវធម្មជាតិនេះគឺវាមានតម្លៃថ្លៃ និងនាំយកទៅលក់នៅលើទីផ្សារអ៊ីរ៉ុបផងដែរ។

លោក គីម រិទ្ធី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ បើមានបញ្ហាអ្វីសូមរាយការណ៍មកអាជ្ញាធរស្រុក ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ពិសេសត្រូវមានការប្រុងប្រយ័ត្នការពារកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើង ជាយថាហេតុ។លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរនិងអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ។

សូមបញ្ជាក់ថា ពលរដ្ឋចំនួន២៤៧គ្រួសារ នៅឃុំតស៊ូនិងឃុំពុទ្រា ស្រុកជ័យសែន ដែលរងគ្រោះដោយទឹកជំនន់ ក្នុងមួយគ្រួសារទទួល បានអង្ករ ២៥គីឡូ ទឹកសុទ្ធ ១កេះ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ៕