(ប៉ារីស)៖ ក្រសួងមហាផ្ទៃបារាំងបានចេញផ្សាយនូវកម្មវិធី (App) សម្រាប់ទូរស័ព្ទឆ្លាតវៃ ដើម្បីប្រកាសប្រាប់អ្នកប្រើប្រាស់អំពីការវាយប្រហារភេរវកម្ម ដែលអាចនឹងកើតមានឡើង មុនពេលព្រឹត្តិការណ៍បាល់ទាត់ Euro 2016 មកដល់ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។

កម្មវិធីនេះក៏នឹងផ្តល់ព័ត៌មានអ្នកគាំទ្របាល់ទាត់ ពីរបៀបដែលអាចឲ្យពួកគេ ស្ថិតនៅកន្លែងសុវត្ថិភាពផងដែរ។ ក្រសួងមហាផ្ទៃបារាំង បានចេញផ្សាយកម្មវិធី នេះឡើង ២ថ្ងៃមុនពេលព្រឹត្តិការណ៍បាល់ទាត់ Euro ប្រារព្ធឡើងនៅថ្ងៃសុក្រ នាពហុកីឡដ្ឋាន Stade de France ជាយក្រុង Paris។ ក្រុមមន្ត្រីបារាំង និងបណ្តាប្រទេសផ្សេងទៀត បានព្រមានថា ព្រឹត្តិការណ៍បាល់ទាត់នេះអាចនឹងជាគោលដៅ របស់ក្រុមភេរវកម្ម។

កម្មវិធី (App) មានឈ្មោះ SAIP ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគម្រោង បន្ទាប់ពីមានការវាយប្រហារភេរវកម្ម នៅខែវិច្ចិកា ឆ្នាំ២០១៥ នាទីក្រុង Paris។ App នេះ នឹងប្រកាសប្រាប់ដំណឹងមុន១៥នាទី បន្ទាប់ពីឧប្បត្តិហេតុត្រូវបានបញ្ជាក់ថា មាន។ កម្មវិធីនេះនឹងអាចរកបាន ជាភាសាអង់គ្លេស និងបារាំង ហើយនឹងទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់ប្រព័ន្ធ iOS និង Android។

គួរជម្រាបថា ក្រុមមន្ត្រីសន្តិសុខបារាំង ជាង១០០,០០០នាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាពនៅពហុកីឡដ្ឋាន, តំបន់អ្នកគាំទ្រ និងតំបន់ផ្សេងទៀតនៅអំឡុងពេលព្រឹត្តិការណ៍ធ្វើឡើង៕