(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងអតីតប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា ការសម្រេចរបស់តុលាការបារាំង ជាការវាយសំពងយ៉ាងធ្ងន់ធ្ងរទៅលើទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ឲ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយ និងភាពឆ្កួតលេលារបស់ខ្លួន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក សួន សេរីរដ្ឋា បានលើកឡើងថា៖ «ការសម្រេចក្តីរបស់តុលាការបារាំង លើសំណុំរឿងបណ្តឹងបរិហាកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាការសម្រេចមួយ ដែលបានផ្តល់នូវយុត្តិធម៌ពេញលេញជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យលាងជម្រះនូវការចោទប្រកាន់លាបពណ៌ ទាំងបំពានឥតគុណធម៌ពីសំណាក់ មេបក្សនយោបាយរត់ចោលស្រុក ដែលអួតអាងខ្លួន ជាសញ្ជាតិបារាំង មកនិយាយបរិហារកេរ្តិ៍យ៉ាងថោកទាបឥខ្មាស់អៀនមកលើសម្តេចតេជោ និង ឯ.ឧ ឌី វិជ្ជា ជាបុត្រប្រសារ»។

លោកបានបញ្ជាក់បន្ថែមថា «លទ្ធផលនៃសេចក្តីសម្រេចរបស់ តុលាការបារាំងនេះ ក៏ជាដំបងមួយវ៉ៃសំពងយ៉ាងដំណំលើក្បាលមេដឹកនាំនយោបាយរត់ចោលស្រុកឲ្យចេះភ្ញាក់ខ្លួន ពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន ដែលចូលចិត្តយក មាត់ស្អុយ មាត់វែង មាត់ខ្លី របស់ខ្លួន និយាយកុហក់បោកប្រាសមហាជន លាបពណ៌ ចោទប្រកាន់លើប្រមុខដឹកនាំកម្ពុជា ដើម្បីទាញយកការចាប់អារម្មនិងគេងចំណេញនយោបាយផងនោះ។ នេះសបញ្ជាក់ឲ្យឃើញថា «យុត្តិធម៌» មាននៅគ្រប់ទិសទីលើពិភពលោកសម្រាប់ជនរងគ្រោះ ហើយក៏ជាសារមួយប្រាប់ថា ៖ ទង្វើរនិយាយបរិហារកេរដ៏គំរក់នេះ វាមិនមែនជាសេរីភាពបញ្ចេញមតិនិងមិនមែនជាសិទ្ធិនយោបាយទេ»

លោកចាត់ទុកថា «សម្តេចតេជោ ហ៊ុន សែន គឺជាជនរងគ្រោះដែលទទួលនូវការចោទប្រកាន់លាបពណ៌ពីសំណាក់ មេដឹកនាំនយោបាយរត់ចោលស្រុក (សម រង្ស៉ី) ដែលអាងតុលាការបារាំង និងអាងសញ្ជាតិបារាំងរបស់ខ្លួន បាននិយាយវ៉ៃប្រហាបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ម្តងហើយម្តងទៀត។ មិនតែប៉ុណ្ណោះពួកក្រុមរត់ចោលស្រុកនេះបាន បរិហារ ឆ្កឹះឆ្កៀល យ៉ាងថោកទាបបំផុត ក្នុងគោលបំណងបំបែកបំបាក់សុភមង្គលក្រុមគ្រួសាររបស់ សម្តេចតេជោ។ ដូច្នេះយុត្តិធម៌គឺមិនអាចយកសញ្ជាតិបរទេសរបស់ពួកគេអ្នកចោលស្រុកអស់នោះ មកធ្វើជាកន្ទបការពារ ឬក៏ទៅទិញដូរយកមកបានទេ!»