(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាសមាជិកសភាដែរនោះ នឹងអញ្ជើញចូលរួមប្រជុំសភា ដែលនឹងបោះឆ្នោតជ្រើសតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦របស់ខ្លួន។ ការប្រជុំនេះពិនិត្យលើរបៀបវារៈតែមួយប៉ុណ្ណោះ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។

ការស្នើនេះធ្វើឡើងដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាត្រា២១ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។

សូមបញ្ជាក់ថា លោក ឌិត ទីណា ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ លោក ឌិត ទីណា កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ ក្រុងភ្នំពេញ។

លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។

តាមរយៈតួនាទី និងការងារខាងលើនេះ លោក ឌិត ទីណា ធ្លាប់បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រជាដើម។

លោក ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យាពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២។

លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់ទម្លាយថា ជាអ្នកពីកែលេងអុកមួយរូបផងដែរ៕