(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្ត រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ប្រារព្ធពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាចំណុះទូកទាំងអស់ ក្នុងពិធីប្រណាំងទូក «ង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

ការប្រារព្ធពិធី ប្រណាំងទូកងរយៈពេល ២ថ្ងៃ នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ ធ្វើឡើងដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់លទ្ធភាពដល់ រាជធានីខេត្ត ក្នុងការប្រារព្ធពិធីប្រណាំងទូកនេះ។

ក្នុងឱកាសនៃ ការប្រារព្ធពិធីប្រណាំងទូក ង នៅក្នុងខេត្តព្រៃវែងនេះ ក៏មានការប្រគុំតន្ត្រី និងស្តង់តាំងពីពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ដែលគាត់បានមកចូលរួមលេងកំសាន្ត នៅក្នុងឱកាសនៃពិធីប្រណាំងទូក «ង» នៅក្នុងអាទឹកដីនៃខេត្តព្រៃវែងនេះ។

រដ្ឋបាលខេត្ត សូមប្រជាពលរដ្ឋទាំងអស់ ទាំងទីជិត ទីឆ្ងាយចូលរួមទស្សនាកម្សាន្តការប្រណាំងទូក «ង» នៅក្នុងខេត្តព្រៃវែង ប្រកបដោយបរិយាកាសសប្បាយរីករាយ៕