(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានទទួលទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ពីព្រះគ្រូវិជ័យរតនធម្ម គង់ សាមន ព្រះចៅអធិការវត្តសុវណ្ណធមរាជ ដែលស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ សម្រាប់ចូលរួមចំណែកជួយដល់ជនក្រីក្រ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។

លោក ធឹម សំអាន បានសម្តែងនូវក្តីរំភើប ចំពោះទឹកព្រះទ័យនៃព្រះគ្រូវិជ័យរតនធម្ម គង់ សាមន ព្រះចៅអធិការវត្តសុវណ្ណធមរាជ ដែលស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រួមនឹងមន្ត្រីសង្ឃ ដែលបានមូលមតិធ្វើការផ្តល់នូវទេយ្យទានជាច្រើន មកកាន់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅនេះ។

លោកអភិបាលខណ្ឌ បានថ្លែងថា ការផ្តល់ជូននូវគ្រឿងឧបភោគបរិភោគនេះ គឺជាសកម្មភាពមនុស្សធម៌ បង្ហាញនូវការយកចិត្តទុកដាក់ រួមចំណែកជួយដល់សង្គម និងលោកអភិបាលខណ្ឌ បានថ្លែងនូវការអរព្រះគុណ ចំពោះទឹកចិត្តដ៏សប្បុរសនេះ។

ជាការឆ្លើយតប លោក ធឹម សំអាន បានមានប្រសាសន៍នាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ​ពីសំណាក់​លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ ចំពោះព្រះចៅអធិការវត្ត គណៈកម្មការ អាចារ្យវត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទាន ចូលរួមចំណែកជាមួយអនុសាខាខណ្ឌ ដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែង ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។

លោកបានបន្តថា ជាការពិតណាស់ វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម​ គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ​ ហើយពេលព្រះសង្ឃឃើញប្រជាពលរដ្ឋជួបទុក្ខលំបាក​ ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់​ ដែលនេះជាវប្បធម៌ នៃការចែករំលែកល្អ ក្នុងការជួយគ្នាទៅវិញទៅមក របស់ប្រជាជនខ្មែរយើង។

តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ក៏បានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឲ្យចំគោលដៅ និងដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម។

សូមបញ្ជាក់ថា ទេយ្យទាន និងបច្ច័យដែលទទួលបានមាន៖ អង្ករចំនួន០១តោន, ទឹកសុទ្ធ ចំនួន៥០កេស, ទឹកក្រូច ចំនួន២០កេស, មី ចំនួន៥០កេស, ទឹកត្រី ចំនួន១០យួរ, ទឹកស៊ីអ៉ីវ ចំនួន១០យួរ, ស្ករសចំនួន៥០គីឡូ, ទឹកដោះគោខាប់ ចំនួន០២កេស, ត្រីខ ចំនួន៣០យួរ និងបច្ច័យចំនួន៤លានរៀល៕