(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២, លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារជនជាតិតាមផ្លូវ៣៦៩ ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំដោយផ្ទាល់ បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់បងប្អូនអាជីវករឲ្យបញ្ឈប់ការដាក់តាំងលក់មកលើ ចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។ សូមសំណូមពរបងប្អូនដែលបានសាងសង់រោង តូប សំណង់ផ្សេងៗលើចិញ្ចើមផ្លូវ ត្រូវរុះរើចេញវិញដោយខ្លួនឯង ដើម្បីទុកជាផ្លូវសម្រាប់អ្នកថ្មើរជើង សូមមេត្តាកុំអន្តរាគមន៍ ចំពោះការរំលោភបំពានសំណូមពរខាងលើ ដើម្បីលុបបំបាត់នូវភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

លោក ហ៊ត គឹមនី បានគូសបញ្ជាក់ថា «ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឱ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន»

លោក ហ៊ត គឹមនី បានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋ លោកសរសើរ ហើយខ្លាចតែយើងមិនធ្វើ។ មតិភាគតិចណាស់ ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើ តាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវ គាត់មិនសប្បាយ នៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែ ប្រជាពលរដ្ឋភាគច្រើន និងអ្នកដំណើរ គាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេលនេះទៅ ត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ពិសេផ្លូវ៣៦៩នេះ។

រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមបណ្តាផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

បន្ថែមពីនេះ រដ្ឋបាលខណ្ឌ ក៏បានដាក់ចេញនូវផែនការឱ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំ ទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ក្នុងនោះ៖

*សូមសំណូមពរបងប្អូនជាអ្នកប្រកបរបររត់ឡានឈ្នួល សូមកុំចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់បងប្អូនអ្នកថ្មើរជើង និងការធ្វើចរាចរណ៍។
*សូមសំណូមពរបងប្អូនជាអ្នកប្រកបអាជីវកម្ម កុំដាក់តាំងទំនិញ និងសម្ភារលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់អ្នកថ្មើរជើង និងការធ្វើចរាចរណ៍៕