(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ក៏ដូចឆ្លងកាត់ផ្លូវលេខ១៥១ និងដោះស្រាយជីវភាពប្រជាពលរដ្ឋ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានរួមគ្នាចុះត្រួតពិនិត្យ និងបើកការដ្ឋាន ជួសជុលកំណាត់ផ្លូវ លេខ១៥១ ត្រង់ព្រំប្រទល់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល។

លោក ធឹម សំអាន បានឲ្យដឹងថា ដោយសារផ្លូវលេខ១៥១ រងការខូចខាតកន្លងមកនោះ លោក និងអភិបាលស្រុកពញាឮ ដែលជាស្រុកមានព្រំប្រទល់ជាប់គ្នា រវាងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល បាននាំគ្នាចុះពិនិត្យមើលការបើកការដ្ឋានជួសជុលស្ថាបនាផ្លូវលេខ៥១ នៅត្រង់ចំណុចព្រុំប្រទល់គ្នា រវាងខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ និងស្រុកពញាឮខេត្តកណ្ដាល ឲ្យបានល្អប្រសើរឡើងវិញងាយស្រួល ក្នុងការធ្វើដំណើរ ។

លោក ធឹម សំអាន ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋទីទ័លក្រ ចាស់ជរា ក្មេងកំព្រា និងពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ។

លោកអភិបាលខណ្ឌ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ពីគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសការពារពីគ្រុនឈាម និងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានទៀងទាត់ នូវវិធានការ ៣កុំ ៣ការពារ ។

ក្នុងនោះផងដែរ ក៏បាននាំយកអំណោយ និងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ មកពីសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ និងឃុំម្កាក់ ខេត្តកណ្តាល។

អំណោយដែលយកមកផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន១០គីឡូក្រាម, មី ចំនួន១០កញ្ចប់, ទឹកត្រី ចំនួន០២ដប, ទឹកស៊ីអ៉ីវ ចំនួន០២ដប, ទឹកផ្លែឈើ ចំនួន ០២កំប៉ុង និងថវិកា ចំនួន២០០០០រៀល៕