(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា ឆ្នាំ២០២២។

ក្នុងឱកាសទិវានេះ ក្រសួងសុខាភិបាល បានអំពាវនាវ និងសូមប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅពិនិត្យភ្នែក របស់លោកអ្នក នៅតាមអគារផ្តល់សេវាចក្ខុរោគ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាង ហោចណាស់ឱ្យបានរៀងរាល់២ឆ្នាំម្តង។

ដោយឡែក សម្រាប់អ្នកមានអាយុចាប់ពី ៤០ឆ្នាំ ឡើងទៅ មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឬលើសឈាម មានប្រវត្តិនៃការជក់បារីយូររ៉ាំរ៉ ពាក់វ៉ែនតារួចហើយ កម្រិតអំណាចភ្នែករបស់អ្នកខ្ពស់ (ភ្នែកម៉្ញូបខ្ពស់) ត្រូវតែទៅរកគ្រូពេទ្យពិនិត្យភ្នែកជារៀងរាល់ឆ្នាំ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ភ្នែក គឺអាយតនៈសម្រាប់មើល មានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលមិនអាចខ្វះបាន។ តាមរយៈភ្នែក យើងអាចទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០% រហូតដល់ ៩០%។ ភាពពិការភ្នែក បានជះឥទ្ធិពលអាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ។

ការការពារភ្នែក និងការមើលឃើញ ជាអាទិភាពចម្បង សម្រាប់មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញល្អនោះទេ នេះប្រហែលជា មិនមែនជារឿងងាយស្រួល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការវិនិយោគលើសុខភាព ដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយដែល យើងអាចផ្តល់ឱ្យខ្លួនឯង។

នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាប បំផុតតាមតែអាចធ្វើទៅបាន ព្រោះថា៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាចព្យាបាលបាន។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពបរិបូរណ៍ រីកចម្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមិទ្ធិផលនៃ «ការបង្ការ និង គ្រប់គ្រងភាពពិការភ្នែក» សម្រេចបានអត្រាភាពពិការភ្នែកមានការថយចុះ ១.២%នៅឆ្នាំ១៩៩៥ មកត្រឹម០.៣៧% នៅឆ្នាំ២០១៩។

ក្រសួងសុខាភិបាល បានបង្កើតផែនការយុទ្ធសាស្ត្រជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ ២០២១- ២០៣០ មានគោលដៅមហិច្ឆតារបស់ខ្លួនគឺ «ដើម្បីកាត់បន្ថយអត្រាប្រវ៉ាឡង់ នៃភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០»។

សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ អគារចក្ខុរោគត្រូវបានដាក់ឱ្យដំណើការ នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យចំនួន៤ ផ្តល់សេវាចក្ខុរោគ និងមន្ទីរឯកទេសភ្នែកជាន់ខ្ពស់ នៅមន្ទីរពេទ្យថ្នាក់ជាតិ និងនៅតាមបណ្តាខេត្ត មានមន្ទីរពេទ្យខេត្តចំនួន២២ និងមណ្ឌលថែទាំភ្នែក ត្រូវបានដាក់ឱ្យដំណើរការចំនួន១៨កន្លែង ដែលផ្តល់ភាពងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋ ស្វែងរកសេវាពិនិត្យ និងព្យាបាលភ្នែកយ៉ាងងាយស្រួល៕