(ព្រះសីហនុ)៖​ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងារ ការពារសន្តិសុខ សុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះការបង្ក្រាប ការជួញដូរមនុស្ស ជួញដូរពលកម្ម និងការជួញដូរផ្លូវភេទ និងការងារសង្គមមួយចំនួនផ្សេងទៀតប្រកបដោយជោគជ័យ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត។

លោក គួច ចំរើន បានថ្លែងសំណេះសំណាល និងចែករំលែកបទពិសោធន៍ការងាររយៈពេលកន្លងមកមានដូចជា៖
១៖ ការបង្ក្រាបល្បែស៊ីសងខុសច្បាប់គ្រប់ទម្រង់
២៖ បង្ក្រាប និងស្រាវជ្រាវការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
៣៖ ការត្រួតពិនិត្យអត្តពលកម្មបរទេសខុសច្បាប់នៅខេត្តព្រះសីហនុ -ល-។

លោកបានលើកឡើងថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅខេត្តមានពាក្យបណ្តឹងចំនួន២៥៣បណ្តឹង ប្តឹងតាមរយៈផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហតឡាញខេត្ត ដែលមានកម្លាំងថ្នាក់ជាតិចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការបង្ក្រាប ស្រាវជ្រាវបំបែកករណីបានជាបន្តបន្ទាប់ ដោយមិនទាន់មានបណ្តឹងថ្មីទៀតទេ។

អភិបាលខេត្តបានបន្តថា ទន្ទឹមនឹងការបើកឲ្យដំណើរការសាងល្បងផ្លូវល្បឿនលឿនរយៈពេលមួយខែ គឺភ្ញៀវទេសចរ បានធ្វើដំណើរតាមផ្លូវល្បឿនលឿនមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ពិសេសនៅចុងសប្តាហ៍ ក្នុងនោះលោកបានស្នើសុំឲ្យលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបង្កើនកម្លាំងយាមល្បាតនៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោកក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលអាវុធហត្ថ ដែលបានចូលរួមបំពេញការងារការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងពិធីបុណ្យផ្សេងៗបានល្អ ដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ និងការចូលរួមពីមន្ត្រីក្រោមឱវាទទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ដ បានឧបត្ថម្ភថវិកា ចំនួន២០,០០០,០០០រៀល ដើម្បីជាការលើកទឹកចិត្តដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ៕