(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០២២នេះ នៅសាលាស្រុកភ្នំស្រុក បានធ្វើពិធីប្រកាសលោក បោន ប៊ិន ជាប្រធានក្រុមការងារ គណបក្ស ស្រុកភ្នំស្រុក​ ជំនួសលោក អោម ចន្ថា ដល់អាណត្តិឡើង ទៅធ្វើការងារនៅក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រកាសនោះ មានការចូលរួម លោក អ៊ុំ​ រាត្រី ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមាន​ជ័យ​ លោក ខេង ស៊ុំម អនុប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ​ និងក្រុមការងារ​ខេត្ត ស្រុក សមាជិក-សមាជិកា គណបក្សមូលដ្ឋាន​ឃុំទាំង៦ទូទាំងស្រុក​ ចំនួន១៩២នាក់។

លោក អ៊ុំ រាត្រី បានថ្លែងថា ពិធីប្រកាស លោក​ បោន​ ប៊ិន ជំនួសលោក អោម ចន្ថា នេះ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សខេត្តបានចាត់តាំង៖
១៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជាប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក
២៖ លោក ឃ្លោក នួយ អនុប្រធានក្រុមការងារ ចុះជួយស្រុកភ្នំស្រុក
៣៖ លោកឧត្តមសេនីយត្រី ជឹម ប៊ុនអាន អនុប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក និងសមាសភាព អនុប្រធាន និងសមាជិក សមាជិកាមួយចំនួនទៀត។

លោកបន្ដថា គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាង៣០ឆ្នាំកន្លងមកហើយ គ្រប់អាណត្តិវាតែងតែជួបប្រទះគុណវិបត្តិ និងគុណសម្បត្តិជាសមិនផុតឡើយ តែសំខាន់គណបក្សប្រជាជន ក្នុងរយៈពេលដឹកនាំជាង៣០ឆ្នាំនេះ បានធ្វើការកសាងសមិទ្ធិផលយ៉ាងច្រើនរាប់មិនអស់ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ពីឆ្ងាយឲ្យមកជិត ស្ពាន ថ្នល់ជាតិ ថ្មល់លំ វត្តអារាម ធារាសាស្ត្រ ខ្វាត់ខ្វែងជុំវិញស្រុក ភ្លើងតចូលដល់ទីជនបទ ចុះជួយជនរងគ្រោះដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ មិនប្រកាន់និន្នាកានយោបាយបក្សនេះបក្សនោះ ពិសេសនៅស្រុកភ្នំស្រុក បានជួយប្តូរពីផ្ទះស្បូវមកជាសង័្កសីរាប់ពាន់ខ្នងជូនដល់ប្រជាពលរដ្ឋទៀតផង។

លោកបានបញ្ជាក់ទៀតថា លោកដែលទើបតែធ្វើពិធីប្រកាសតែងតាំងថ្មីៗនេះ ត្រូវចុះតាមមូលដ្ឋានចុះធ្វើការត្រួតពិនិត្យមើលសមាជិសមាជិការរបស់គណបក្សប្រជាជន ដើម្បីបង្ហាញអំពីលទ្ធផលការងារ ដែលគណបក្សសម្រេចបាន និងលើកយកនូវបញ្ហាប្រឈមនានាដែលនៅសេសសល់ទាំងប៉ុន្មាន ដើម្បីធ្វើការដាក់ផែនការអភិវឌ្ឍន៍ និងដោះស្រាយបន្តទៀត។

លោកបន្ដថា ត្រូវបន្តចុះជួយប្រជាពលរដ្ឋ និង ពិនិត្យដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម និង ដោះស្រាយ អំពីកង្វល់របស់គាត់ ដែលមានបញ្ហាដូចជា គ្រឿងញៀន ល្បែងស៊ីសង និងសន្តិសុខសុវត្តិភាពរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីធានាប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការរបស់ពលរដ្ឋជាដើម៕