(វៀតណាម)៖ ក្រសួងទេសចរណ៍ តំណាងដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្ត្រីជំនាញចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ (Mekong Tourism Forum 2022) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហួយអាន ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៩-១២ ខែតុលា ឆ្នាំ២០២២។

លោក ថោង រដ្ឋសក្តិ បានរាយការណ៍ពីលទ្ធផលសំខាន់ៗនាឱកាសចូលរួមវេទិកាទេសចរណ៍មេគង្គនោះជាច្រើនចំណុច។

លោកអគ្គនាយកបានឱ្យដឹងថា កម្ពុជាបានជម្រាបពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធទេសចរណ៍ប្រកបដោយបរិយាបន្នវគ្គ២ (ADB-TIIG2) ដែលអនុវត្តដោយប្រទេសកម្ពុជា វៀតណាម និងឡាវ ក្រោមការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានអនុវត្តគម្រោង ADB-TIIG1 ប្រកបដោយជោគជ័យ ដោយក្នុងនោះកំពង់ផែរទេសចរណ៍កំពតបានសម្រេច១០០% ហើយត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៣ខាងមុខ។ កម្ពុជាបានជម្រាបពីការអនុវត្តគម្រោង ADB-TIIG2 ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធកំពង់ផែកោះទន្សាយ ផ្លូវបណ្តោយឆ្នេរកែប និងទីលានចាក់សំរាមខេត្តកែប ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) ក្នុងបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោក ថោង រដ្ឋសក្តិ បានជួបសម្តែងការគួរសមជាមួយលោកស្រី Catherine GERMIER-MAMEL នាយកប្រតិបត្តិអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ដោយបានពិភាក្សានិងឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន ភាគីកម្ពុជានិងអង្គភាពទេសចរណ៍មេគង្គសហការគ្នាជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការពង្រឹងទំនាក់ទំនងក្នុងទម្រង់ដៃគូរដ្ឋ-ឯកជន (PPP) ភាគីកម្ពុជានិងអង្គភាពទេសចរណ៍មេគង្គសហការរៀបចំសន្និបាតគោលដៅទេសចរណ៍មេគង្គឆ្នាំ២០២២ (Destination Mekong Submit 2022) ដែលគ្រោងរៀបចំនៅអំឡុងខែធ្នូ ឆ្នាំ២០២២ នារាជធានីភ្នំពេញ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ (Gastronomy) នៅពេលខាងមុខ។ ភាគីកម្ពុជាក៏បានគាំទ្រអង្គភាពទេសចរណ៍មេគង្គក្នុងការបង្កើតមជ្ឈមណ្ឌលបទពិសោធន៍មេគង្គ (Mekong Experience Center) សំដៅប្រមូលផ្តុំនូវអ្នកជំនាញជាន់ខ្ពស់ក្នុងការចែករំលែកការអនុវត្តល្អ និងមានបទពិសោទន៍លើការអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ចំពោះលទ្ធផលក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥០ (50th GMS TWG) លោក ថោង រដ្ឋសក្តិ បានរាយការណ៍ថា ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានពិភាក្សានិងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗ រួមមាន៖ ប្រធានបទ «បច្ចុប្បន្នភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងផែនការសកម្មភាពឆ្ពោះទៅកាន់ផែនការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥» ប្រធានបទ «ការបើកទទួលទេសចរអន្តរជាតិឡើងវិញ តាមរយៈច្រកចេញចូលប្រទេសដោយអនុវត្តតាមវិធានសុវត្ថិភាព និងតម្រូវការផ្សេងៗតាមប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS)»។ នៅក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥០នេះដែរ កម្ពុជាបានលើកឡើងអំពីកំណើននៃចំនួនភ្លៀវទេសចរផ្ទៃក្នុងមានចំនួនជាង៩លាននាក់ និងទេសចរអន្តរជាតិប្រមាណ១.២៥លាននាក់ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២។ ក្រៅពីនេះកម្ពុជាបានលើកឡើងពីកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះអាជីវកម្មទេសចរណ៍ និងកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ ការបើកទទួលទេសចរឡើងវិញ ការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) និងសេចក្តីជូនដំណឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តឱ្យជនបរទេសឬវិនិយោគិនស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ រយៈពេល១ឆ្នាំម្តងដោយមិនបង់ថ្លៃ។

ចំពោះលទ្ធផលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) លោកអគ្គនាយកបានរាយការណ៍ថា ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គបានពិភាក្សាលម្អិតលើដំណើរការរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ រួមមាន សំណើរបស់ភាគីចិនលើការស្នើសុំប្តូរឈ្មោះការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ទៅជាការិយាល័យទេសចរណ៍មេគង្គឡានឆាង (LMTO) ដោយក្នុងនោះកម្ពុជាបានបង្ហាញគោលជំហរតាមសំឡេងគាំទ្រភាគច្រើន, ឯកភាពលើផែនការសកម្មភាពរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ និងឆ្នាំ២០២៣, ការពង្រីកទំនាក់ទំនងទេសចរណ៍ក្នុងតំបន់ និងរបាយការណ៍បច្ចុប្បន្នភាពហិរញ្ញវត្ថុរបស់ការិយាល័យ MTCO។

លោក ថោង រដ្ឋសក្តិ បានបន្តជម្រាបអំពីកិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខណៈភាគីវៀតណាមតំណាងដោយលោក ហា វ៉ាន់ស៊ាវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។ ក្នុងកិច្ចប្រជុំនោះភាគីវៀតណាមបានពិនិត្យលើវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបានក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-វៀតណាមលើកទី២ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្ទាល់ និងអនឡាញនៅខេត្តកែប។ ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ចំនួន៧ រួមមាន ១.ពង្រឹងនិងសម្របសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន ២.ការផ្សព្វផ្សាយនិងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ «ប្រទេសពីរ គោលដៅតែមួយ» ៣.ការចែករំលែកបទពិសោធន៍និងព័ត៌មាន ៤.ចូលរួមចែករំលែកបទពិសោធន៍ដល់ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើបច្ចេកទេសក្នុងការដាំដុះផ្កា និងបន្លែនៅតំបន់ភូមិភាគឦសាន ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥៥ ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនគោល ប្រណាំងកង់ កីឡាលើឆ្នេរសមុទ្រ និងកីឡាលើទឹករៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ ៦.ជំរុញទេសចរណ៍ម្ហូបអាហារ ៧.តភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ ពិសេសកំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍កោះត្រល់ ស្របតាមកិច្ចសហប្រតិបត្តិការទេសចរណ៍ច្រករបៀងខាងត្បូង។

គួរជម្រាបថា ក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ ភាគីកម្ពុជាក៏បានផ្សព្វផ្សាយដែរអំពីការបើកទទួលទេសចរអន្តរជាតិមុនគេដោយមិនតម្រូវធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយគិតមកដល់បច្ចុប្បន្ននេះកំណើនទេសចរវៀតណាមមកកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានចំនួនជាង២៥ម៉ឺននាក់ កើនឡើងជាង៣០០០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕