(បន្ទាយមានជ័យ)៖ រថយន្តស៊ីឈ្នួលដឹកពលករខ្មែរ មួយគ្រឿងបើកបុកបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀត ដោយហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លើដងផ្លូវសុវណ្ណាសន ចំណុចក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពពីប្រទេសថៃបានឲ្យដឹងថា រថយន្តដឹកពលករខ្មែរ បានបើកបុកបង្គោលភ្លើង រួចផ្លោងទៅធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យពលករខ្មែរស្លាប់៦នាក់ (ស្រី៣នាក់) នៅនឹងកន្លែង ខណៈពលករខ្មែរ២៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល។

ប្រភពព័ត៌មានបន្តថា អ្នករងរបួសចំនួន១២នាក់ ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកកើតហេតុ និង១២នាក់ផ្សេងទៀត ត្រូវបានដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកអារញ្ញ។

សមត្ថកិច្ចកម្ពុជាបានបង្កើបថា ពលករខ្មែរស្លាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចថៃ បានបញ្ជូនមកដល់កម្ពុជាហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសពពលករខ្មែរននោះ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៤នាក់ ខេត្តបាត់ដំបងម្នាក់ និងខេត្តសៀមរាបម្នាក់។ មកដល់ពេលនេះ ក្រុមគ្រួសារបានមកទទួលយកសពបណ្តើរៗហើយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕