(ភ្នំពេញ)៖ តបតាមការណែនាំរបស់ លោក​ ជា​ ខេមា​ អភិបាលខណ្ឌដូនពេញ​ ក្នុងការដោះស្រាយជូនបងប្អូន ដែលបានសំណូមពរ​តាមរយៈប្រព័ន្ធអេឡិចត្រូនិច​ទំនាក់ទំនងបណ្តាញសង្គម Facebook ស្តីពីការកកស្ទះចរាចរណ៍នៅតាមបណ្តាផ្លូវមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជាក់ស្តែងនៅរាត្រី​ថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ​២០២២​ លោក​ ចាប​ ឌីណា​ អភិបាលរង​ខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសន្តិសុខ​ សណ្តាប់ធ្នាប់​ អនាម័យបរិស្ថានតាមតំបន់អាជីវកម្មរបស់បងប្អូនអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវសុធារសកែងផ្លូវ១៨៤ ផ្លូវលេខ១៥​ កែង១៣០​ ផ្លូវ​លេខ​ ៥​ កែង១៣៦​ និងតាមបណ្តាផ្លូវមួយចំនួនទៀតដែលបានប្រកបអាជីវកម្មមិនរៀបរយ​តាមការណែនាំដូចជាមានការចតទោចក្រយានយន្ត នៅ​លេីទ្រូងផ្លូវ​ ការលក់ដូររំលោភលេីចិញ្ចើមផ្លូវ​ ការចតម៉ូតូកង់បី​ នៅលេីទ្រូងផ្លូវជាដើម។

ជាការពិតណាស់ការងារសណ្តាប់ធ្នាប់ជាការងារស្មុគស្មាញសម្រាប់អាជ្ញាធរមូលដ្ឋាន​ តែបេីទោះបីជាយ៉ាងណាក៏ដោយក៏អាជ្ញាធរខណ្ឌដូន​ពេញនៅតែបន្ត​អនុវត្តឲ្យ​បានដូចភ្លៀងរលឹម​ ក្នុងគោលបំណងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏ដូចជាភ្ញៀវជាតិ​ អន្តរជាតិ​មកកំសាន្តនៅក្នុងមូលដ្ឋាន​ខណ្ឌដូនពេញ។ ព្រោះខណ្ឌដូនពេញជាទីប្រជុំជនដែលមានតំបន់ប្រវត្តិសាស្ត្រ​ តំបន់ទេសចរណ៍សំខាន់ៗមានជាអាទិ៍៖​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ ព្រះបរមរាជវាំង​ វិមានឯករាជ្យ​ សារមន្ទីរជាតិជាដេីម។

ដូច្នេះការរៀបចំសណ្តាប់ធ្នាប់គឺជារឿងសំខាន់ចាំបាច់បំផុតមិនត្រូវរយាលដៃនោះទេ​ ហើយក៏មិនអាចខ្វះការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ដូចនេះក្នុងនាមអាជ្ញាធរមូលដ្ឋានសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការល្អជាមួយអាជ្ញាធរ​ ក្នុងការវេចខ្ចប់សំរាម​ ការចេញសំរាមតាមកាលបរិច្ឆេទត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ៕