(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជឿជាក់ថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ នាថ្ងៃនេះ នឹងបន្តក្លាយជាវេទិកាសម្រាប់ការបំផុស និងជំរុញទឹកចិត្តដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន។

ការលើកឡើងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសុន្ទរកថាមួយថ្លែងក្នុងពិធីបិទ កិច្ចបជុំកំពូលស្រ្តីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ មានគោលបំណងផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរមតិ និងការពិភាក្សារវាងមេដឹកនាំស្ត្រីអាស៊ាន និងប្រមុខដឹកនាំនៃប្រទេសសមាជិកអាស៊ានលើបញ្ហាប្រឈម និងកាលានុវត្តន៍ភាព ដើម្បីអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី​ និងលើកកម្ពស់ការធ្វើបរិវត្តកម្ម ឆ្ពោះទៅរកការស្តារឡើងវិញដ៏រឹងមាំនៃសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យមជាមួយនឹងការយកចិត្តទុកដាក់បំផុតទៅលើការគិតគូរពីភាពធន់ និងចីរភាព ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការបញ្ជ្រាបយេនឌ័រ។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យអាស៊ាន បន្តរៀបចំកិច្ចប្រជុំកំពូលនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹក នៃបណ្តាប្រទេសអាស៊ាន នៅក្នុងបុព្វហេតុនៃការសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងប្រទេស និងក្នុងតំបន់។

សម្តេចមានជំនឿយ៉ាងមុតមាំថា សេចក្ដីថ្លែងការណ៍ស្តីពី «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ ការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលយើងបានពិភាក្សានាថ្ងៃនេះ នឹងទទួលបានការគាំទ្រ និងការអនុម័តលើ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ៕