(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា ស្ត្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍ «បើស្ត្រីរឹងមាំ គ្រួសារ និងសហគមន៍អាស៊ាន ក៏រឹងមាំដូចគ្នាដែរ» ហើយការលើកកម្ពស់សហគ្រិនភាព របស់ស្ត្រីជាកិច្ចការមួយដ៏សំខាន់ ដែលមិនអាចខ្វះបាន។

ការថ្លែងរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាស ថ្លែងក្នុងពិធីបិទ កិច្ចបជុំកំពូលស្រ្តីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍ បើស្ត្រីរឹងមាំ គ្រួសារ និងសហគមន៍អាស៊ានរបស់យើង ក៏រឹងមាំដូចគ្នាដែរ។ ក្នុងន័យនេះ ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយដ៏សំខាន់ ដែលអាចផ្តល់ និងបង្កើនឱកាសដល់ស្ត្រី ក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ានរបស់យើង ឱ្យកាន់តែមានភាពប្រសើរឡើង»

ក្នុងឱកាសនោះ សម្តេចតេជោបានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលបានថ្លែងអំពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំ ក្នុងដំណើរឆ្ពោះទៅមុខជាមួយគ្នា ក្នុងការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន ស្របតាមប្រធានបទដែលបានដាក់ចេញ។

សម្តេចបន្តថា ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រឹងសហគ្រិនភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ និងជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។

សម្តេចបានបង្ហាញនូវសេចក្តីរីករាយ និងមានកម្លាំងចិត្ត ប្រកបដោយសុទិដ្ឋិនិយម ដោយបានសង្កេតឃើញថា សមាជិកអាស៊ានមានទស្សនៈវិស័យដូចគ្នា និងមានជំហររួមគ្នា ក្នុងការបន្តលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់សិទ្ធិអំណាច និងការគាំទ្រដល់ស្ត្រី ដែលជាគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានទាំងមូល ជាពិសេសក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាពសម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ភាពជាម្ចាស់លើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូប មានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ចពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ»។

សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំងលើសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។ ជាក់ស្ដែង កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម រហូតដល់ទៅ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ ប្រមាណ៥៨% និងបានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប។

នៅកម្ពុជា ស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូតូច និងមធ្យម។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាកំណត់ និងជំរុញការលើកតម្កើងស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត៕