(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សាខា-អនុសាខា និងក្រុមប្រតិបត្តិសាខាកាកបាទកម្ពុជារាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៤៨គ្រួសារ មកពីសង្កាត់ប្រទះឡាងចំនួន២៧គ្រួសារ និង២១គ្រួសារទៀត។ ពិធីនេះរៀបចំឡើងនៅទីតាំងទីទួលសុវត្ថិភាព វត្តសុវណ្ណអម្ពរស្វាយមាស។

ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដងស្ទឹងព្រែកត្នោត ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

លោកវេជ្ជបណ្ឌិតបានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់ប្រជាពលរដ្ឋដូច្នេះថា៖

១៖ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ
២៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៣៖ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះការលង់ទឹកជាយថាហេតុ។

សូមបញ្ជាក់ថា ពលរដ្ឋរងគ្រោះទាំងអស់ទទួលបានអំណោយរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត ១កញ្ចប់ (សារុង មុង ភួយ ក្រមា និងអាវយឺត), សាប៊ូ ១ដប ជាលលាងដៃចំនួប ១ដប និងថវិកា២ម៉ឺនរៀលផងដែរ៕