(កណ្ដល)៖ លោក សេង សុីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តណ្ដាល។

ពិធីនេះក៏មានការចូលរួមពីអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ទីប្រឹក្សា និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដា និងលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លេខាធិការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ មានគោលបំណងធំៗ៣គឺទី១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងស្ថាប័នតុលាការ-អយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌, ទី២៖ ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើស និងការកសាងសំណុំរឿងទៅតុលាការ និងទី៣៖ ដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធីច្បាប់។

លោក សេង សុីវុត្ថា បានលើកឡើងថា ក្នុងកិច្ចប្រជុំនេះបណ្តាលមកពីកត្តាសន្តិភាព និងស្ថានភាពកូវីដ១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងសម្តែងនូវការកោតសសើរជូនចំពោះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការខេត្តកណ្តាលទាំងអស់ដែលបានរួមសហការគ្នា អនុវត្តការងារបានល្អប្រសើរប្រកបដោយជោគជ័យជូនជាតិ និងប្រជាជន ពិសេសប្រជាជនខេត្តកណ្តាលទាំងមូលប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់។

លោកក៏បានលើកឡើងអំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ទាំងខ្លឹមសារច្បាប់ ទាំងបច្ចេកទេស និងឥរិយាបថរបស់អ្នកអនុវត្តច្បាប់។

លោកគូសបញ្ជាក់ថា នគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការ ជាស្ថាប័នជាតិដែលមានបន្ទុកទទួលខុសត្រូវវិស័យយុត្តិធម៌ និងការផ្តល់សេវាយុត្តិធម៌ឆាប់រហ័សជូនប្រជាពលរដ្ឋ ដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ដើម្បីសម្រេចជោគជ័យ និងទទួលបានការគាំទ្រ ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើស្ថាប័នអនុវត្តច្បាប់។

លោកបន្ថែមទៀតថា ក្នុងនាមជាអ្នកអនុវត្តច្បាប់ «យល់ត្រូវ អនុវត្តត្រូវ ជាប្រយោជន៍ដល់ភាគី និងទទួលបានយុត្តិធម៌ បើយល់ខុស អនុវត្តខុស ភាគីទទួលបានអយុត្តិធម៌»។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ និងជៀសវាងកង្វះការចាត់ចែង ក្នុងពេលបំពេញកិច្ចរបស់ខ្លួន។

លោក សេង សុីវុត្ថា បានណែនាំ និងផ្តាំផ្ញើដល់សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់គ្រប់ផ្នែកនិងជំនាញ នូវ៥ចំណុចសំខាន់ៗមួយចំនួន រួមមាន៖

*ទី១៖ មន្ត្រីនគរបាលយុត្តិធម៌ និងតុលាការត្រូវសហការគ្នាក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធិភាព នៃការបង្ក្រាបបទល្មើសឲ្យទាន់សភាពការណ៍ជាក់ស្តែង
*ទី២៖ ត្រូវពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិច្បាប់ដោយគោរព វិន័យ ក្រមសីលធម៌ ប្រកាន់យកសុគតិធម៌ទាំង៥ ជៀសវាងអគតិទាំង៤ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ឱ្យស័ក្តិសមជាមន្ត្រីល្អ បម្រើរាស្ត្រដោយសុចរិត យុត្តិធម៌
*ទី៣៖ ត្រូវពង្រឹងកិច្ចពិគ្រោះយោបល់គ្នា រវាងមន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ និងតុលាការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌
*ទី៤៖ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់
*ទី៥៖ ត្រូវលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងត្រូវជៀសវាងមោទនភាពហួសហេតុ។

ទន្ទឹមនឹងសារនេះដែរ លោក អ៊ុក សាវុធ បានណែនាំដល់ អាជ្ញាធរតុលាការ និងមន្រ្តីនគរបាលយុត្តិធម៌ យកចិត្តទុកដាក់ខ្ពស់ ជាមួយសំណុំរឿងអនីតិជន ដោយអនុវត្តឱ្យស្របតាមនីតិវិធីកុមារមេត្រី និងស្របតាមច្បាប់ជាធរមាន ជាពិសេសយកចិត្តទុកដាក់ការបង្ក្រាបលើបទល្មើសគ្រឿងញៀន និងបញ្ហាគុណភាពទំនិញក្នុងមូលដ្ឋានខេត្តកណ្ដាល។

នៅឱកាសក្នុងកិច្ចប្រជុំនេះ សមាជិកសមាជិការ នៃអង្គប្រជុំទាំងមូល បានលើកឡើងជា សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តច្បាប់យ៉ាងផុសផុល ហើយគណៈអធិបតី បានពន្យល់ បកស្រាយ និងដោះស្រាយជូនអង្គប្រជុំទាំងមូលបានជោគជ័យ ប្រកបដោយស្មារតីសាមគ្គី និងការទទួលខុសត្រូវខ្ពស់។

លោក ហុក វ៉ាន់ធីណា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងប្រតិភូទាំងអស់ដែលអញ្ជើញមកដឹកនាំ និងចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំដែលសកម្មភាពនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលជាតុលាការជាន់ខ្ពស់ចំពោះសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ កិច្ចប្រជុំនេះបានផ្ដល់នូវធាតុចូល និងលទ្ធផលជាផ្លែផ្កាយ៉ាងពេញចិត្តដែលអាចឱ្យយើងទាំងអស់គ្នា រួមទាំងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ដែលមានការពាក់ព័ន្ធក្នុងក្របខណ្ឌច្បាប់ យកទៅបំពេញការខ្វះខាតរបស់ខ្លួនដែលបានអនុវត្តកន្លងមក និងអាចយកទៅធ្វើបច្ចុប្បន្នភាពចំពោះការងារប្រចាំថ្ងៃរស់ខ្លួនតាមជំនាញរៀងៗខ្លួនបន្តទៀត។

ជាមួយគ្នានេះដែរ លោក លាវ ស្រេង បានសំដែងការគាំទ្រយ៉ាងពេញទំហឹង និងវាយតម្លៃយ៉ាងខ្ពស់ចំពោះដំណើររបស់គណៈប្រតិភូនៃសាលាឧទ្ធរណ៍ភ្នំពេញ មកបំពេញបេសកកម្មនៅសាលាដំបូងខេត្តកណ្ដាល ដែលនេះគឺជាគន្លឹះអាទិភាពមួយក្នុងការពង្រឹងគុណភាពនៃការអវត្តច្បាប់ និងសាលាជម្រះក្ដី ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងក្នុងបរិបទនីតិរដ្ឋនៃសង្គមកម្ពុជា ព្រមទាំងធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស៕