(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងក្រើនរំឮកដល់មន្ត្រីបក្សមូលដ្ឋាន ត្រូវធ្វើអំពើល្អ ជាពិសេសមន្ត្រីបង្គោលនៅតាមភូមិ ឃុំ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយដោយទំនួលខុសត្រូវដើម្បីទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។

ការកិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីផ្សព្វផ្សាយខ្លឹមសារផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនី តិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកស្ទោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់គណបក្សស្រុក ព្រមទាំងមន្ត្រីគណបក្សមូលដ្ឋានមួយចំនួនផងដែរ។

ប្រធានគណបក្សខេត្តរូបនេះ បានលើកឡើងថា មន្ត្រីរបស់គណបក្ស ត្រូវគោរពទៅតាមការចាត់តាំងរបស់គណបក្ស ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យកាន់តែរឹងមាំ និងបន្តចុះមូលដ្ឋានសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះឱ្យបានញឹកញាប់ ដើម្បីស្ដាប់នូវបញ្ហា និងសំណូមពរនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន យកមកធ្វើការដោះស្រាយឱ្យបានល្អប្រសើរ។

លោក ងួន រតនៈ បានបន្ថែមទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះ ឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដូចនេះ ដើម្បីទទួលបាននូវភាពឈ្នះ យើងត្រូវជំរុញ និងជួយសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក្នុងការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញយុវជនដែល ទើបគ្រប់អាយុបោះឆ្នោត និងអ្នកដែលពុំទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោត និងត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោតឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យសមាជិកបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក៕