(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពបិទ កម្មវិធី ស្តីពី «ASEAN Data Science Explorers Regional Finals 2022»។

កម្មវិធីនេះ គឺជាការប្រកួតប្រជែង លើការវិភាគទិន្នន័យដែលមានគោលបំណងគាំទ្រ និងជំរុញយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០២០។ ក្នុងនោះដែរកម្មវិធីនេះ ធ្លាប់បានទទួលស្គាល់ដោយថ្នាក់ដឹកនាំអាស៊ានថា ជាគំនិតផ្តួចផ្តើមឌីជីថលប្រកបដោយភាពច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានចំនួន២លើក រួចមកហើយ។

ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាដៃគូម្ចាស់ផ្ទះ បានសហការជាមួយមូលនិធិអាស៊ាន (ASEAN Foundation) រៀបចំកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ (ASEAN Data Science Explorers Regional Finals 2022) ដោយផ្ទាល់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

កម្មវិធីនេះ មានការចូលរួមប្រកួតប្រជែងពីនិស្សិតឆ្នើម ចំនួន២០រូប មកពី១០ប្រទេសនៃសមាជិកអាស៊ាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីពាក់ព័ន្ធ, លោកស្រី Yang Mee Eang នាយកប្រតិបត្តិមូលនិធិអាស៊ាន (ASEAN Foundation), លោកស្រី Verena Siow ប្រធាននិងជានាយកគ្រប់គ្រង SAP ប្រចាំតំបន់អាស៊ីអាគ្នេយ៍, អ្នកសារព័ត៌មាន, និងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ១០០នាក់។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាក្រសួងទទួលបន្ទុកលើវិស័យឌីជីថល បាននឹងកំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា ដើម្បីជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល៕