(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិចំនួន៣៨ នឹងរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងអប់រំបញ្ជាក់ថា ការរៀបចំប្រកួតកីឡាជាតិ លើកទី៣នេះ មាន៣៨ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសា៤០៥ ដែលនឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

ពិធីបើកការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨៖០០នាទី និងបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨៖០០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ការរៀបចំប្រកួតកីឡាជាតិ លើកទី៣នេះ ធ្វើឡើងក្នុងគោលបំណង៖

* ផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ត្រីបច្ចេកទេសដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួត ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍
* កីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត
* រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់
* រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ដារហ្គេម
* ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា៕