(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានណែនាំទៅកាន់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បន្តតាមដានករណីរោងចក្រដែលបានព្យួរកិច្ចសន្យាការងារ ដើម្បីក្តាប់បានព័ត៌មានទាន់ពេលវេលាករណីរោងចក្របិទទ្វារមិនដំណើរការ ហើយម្ចាស់រត់ចោល។

ការណែនាំដាស់តឿនយ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានលើកពីវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ចាប់ពីឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២២ ក្នុងនោះដែរអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការចូលរួមសម្រេចបានការងារដ៏ល្អកន្លងមករបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអន្តរាគមន៍ និងដោះស្រាយដល់ទីកន្លែងបានទាន់ពេលវេលានូវរាល់ទំនាស់ ឬវិវាទការងារ ដើម្បីធានាបាននូវការស្វែងរកដំណោះស្រាយជូនម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ក៏ដូចជាធានាបាននូវការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗ ដែលបណ្តាលមកពីវិវាទការងារ ឬករណីរោងចក្រក្ស័យធន ឬករណីម្ចាស់រោងចក្ររត់ចោលជាដើម ដែលបានធ្វើឱ្យបញ្ហាកូដកម្ម បាតុកម្មទាមទារនៅតាមបណ្ដារោងចក្រ សហគ្រាសថយចុះយ៉ាងខ្លាំងនៅសេសសល់តែបញ្ហាខ្លះ ដែលការទាមទារកំពុងត្រូវបានដោះស្រាយ ឬបញ្ហាទាមទារខ្លះដែលហួសពីលទ្ធភាពដោះស្រាយ ដែលត្រូវរង់ចាំការសម្រេចពីតុលាការ។

ដើម្បីជាមូលដ្ឋានពង្រឹងដល់ប្រសិទ្ធភាពការងាររបស់ គ.ក.ប បន្តទៀត លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យបន្តយកចិត្តទុកដាក់បន្តតាមដានករណីរោងចក្រដែលបានព្យួរកិច្ចសន្យាការងារ ដើម្បីក្តាប់បានព័ត៌មានទាន់ពេលវេលាករណីរោងចក្របិទទ្វារមិនដំណើរការ ឬម្ចាស់រត់ចោល។

លោកបានបន្តថា ការដោះស្រាយករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោល ដើម្បីរឹបអូសទ្រព្យសម្បត្តិ លក់ឡៃឡុង បើកផ្តល់ជូនកម្មករនិយោជិត ឬទូទាត់សងថវិការដ្ឋ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីសេចក្តីជូនដំណឹងលេខ ២៣៩ សជណ.អវ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

លោក អ៉ិត សំហេង បានណែនាំឱ្យបន្តខិតខំអនុវត្តផែនការ និងបទបញ្ជាស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០២០-២០២៤ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិពាក់ព័ន្ធ៕