(កំពង់ធំ)៖ លោកស្រី ហាក់ ពុទ្ធិតុសិតា អភិបាលរងស្រុកបារាយណ៍ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំបារាយណ៍ និងក្រុមការងារបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៣២ គ្រួសារនៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានេះលោកស្រី ហាក់ ពុទ្ធិតុសិតា បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋខ្វះខាត រងគ្រោះនិងងាយរងគ្រោះ ក្នុងពេលដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋាននានាមួយចំនួនក្នុងស្រុកបារាយណ៍ក៏ដូចជាខេត្តកំពង់ធំយើង។

លោស្រី បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវមើលថែទាំកូនចៅតូចៗ មិនត្រូវបណ្ដែតបណ្ដោយឱ្យលេងទឹកខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតនឹងត្រូវខិតខំថែរក្សាសុខភាពអនាម័យក្នុងការបរិភោគចំណីអាហារជៀសវាងឆ្លងជំងឺដង្កាត់ផ្សេងៗ និងត្រូវត្រៀមលក្ខណៈរៀបចំការបង្កបង្កើនផលស្រូវឡើងវិញនៅរដូវសម្រកខាងមុខនេះ។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុងស្រុកនិងក្រៅស្រុកដែលតែងតែផ្តល់អំណោយមនុស្សធម៌ក៏ដូចជាសហការជាមួយរដ្ឋបាលស្រុក ក្នុងការផ្ដល់នូវសម្ភារថវិកាសម្រាប់ រដ្ឋបាលស្រុកមានលទ្ធភាព បន្តចែកជូនដល់ពលរដ្ឋដែលកំពុងរងគ្រោះនៅក្នុងមូលដ្ឋានជាពិសេសប្រជាពលរដ្ឋក្រីក្រ។

លើសពីនេះលោកស្រី បានណែនាំដល់រដ្ឋបាលឃុំត្រូវចេះកៀរគរធនធានពីសប្បុរសជននានាដើម្បីបានជាមូលនិធិសម្រាប់រដ្ឋបាលឃុំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុឬទឹកជំនន់ជាដើម និងជាមូលនិធិក្នុងការថែទាំជួសជុលផ្លូវលំ លូ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងខូចខាតដោយទឹកជំនន់ជាដើម។

ជាចុងបញ្ចប់លោកស្រី ហាក់ ពុទ្ធិតុសិតា បានជំរុញឲ្យរដ្ឋបាលឃុំត្រូវផ្សព្វផ្សាយនិងជូនដំណឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ប្រជាពលរដ្ឋ៣២គ្រួសារដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករ ចានឆ្នាំង មុង ភួយ និងថវិកា១ម៉ឺនរៀល៕