(ស្វាយរៀង)៖ លោកស្រី ហ៊ឹម ម៉ាលី ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុករំដួល នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារប្រគល់ថវិកាទិញអំពូលភ្លើងចំនួន៣០អំពូល ស្មើនឹងថវិកា ២,២៥០ដុល្លារ សម្រាប់ប្រគល់ជូនរដ្ឋបាលស្រុករំដួល ដើម្បីដាក់បំភ្លឺផ្លូវនៅទីប្រជុំជនផ្សារកំពង់ចក។

លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានឱ្យដឹងថា ចាប់ផ្តើមដំបូង លើការអភិវឌ្ឍដែលលោកទើបតែមកកាន់តំណែងជាអភិបាលស្រុក បានរយៈពេលជិតមួយខែនេះ ភ្លើងបំភ្លឺផ្លូវសាធារណៈគ្រប់ផ្លូវទាំងអស់ ក្នុងទីប្រជុំជនស្រុករំដួល និងមានភ្លើងបំភ្លឺផ្លូវ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ក៏ដូចជាសោភ័ណភាពទីប្រជុំជននៅស្រុករំដួល ឱ្យមានភាពល្អប្រសើរ តាមរយៈការជួយគាំទ្រពីសប្បុរជនជិតឆ្ងាយ។

លោកក៏បានថ្លែងអំណរគុណដល់លោកស្រី ហ៊ឹម ម៉ាលី ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករំដួល បានឧបត្ថម្ភនូវអំពូលភ្លើងចំនួន៣០អំពូល ក្នុងការដាក់ភ្លើងបំភ្លឺតាមផ្លូវនៃទីប្រជុំជនផ្សារកំពង់ចក ហើយក្រុមការងារបច្ចេកទេសជំនាញនឹងរៀបចំបំពាក់អំពូលភ្លើងនាពេលខាងមុខនេះឱ្យមានភាពទាក់ទាញ និងស្រស់បំព្រង ហើយប្រជាពលរដ្ឋក៏អាចប្រកបមុខរបររកស៊ី និងធ្វើដំណើរនាពេលយប់ក៏បានដោយគ្មានការភ័យខ្លាច។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជួយឧបត្ថម្ភគាំទ្រការដាក់ភ្លើងបំពូលផ្លូវសាធារណៈនៅទីប្រជុំជនស្រុករំដួល ហើយសូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួមនឹងបានយូរអង្វែង។

ប្រជាពលរដ្ឋមួយចំនួននៅស្រុករំដួល បានកោតសរសើរមិនដាច់ពីមាត់ចំពោះគោលគំនិតច្នៃប្រឌិតរបស់លោក ហែម សុីណា អភិបាលស្រុករំដួល ក្នុងការអភិវឌ្ឍភ្លើងបំភ្លឺផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានានៅស្រុករំដួលផងដែរ៕