(ភ្នំពេញ)៖​ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រី នៅក្នុងអាស៊ាន» នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានបញ្ជាក់ថា អាស៊ាន គឺជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី។

សម្តេចបញ្ជាក់ថា សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំងលើសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។ ជាក់ស្ដែង កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម រហូតដល់ទៅ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ ប្រមាណ៥៨% និងបានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប។

សម្តេចប្រធានអាស៊ានបានថ្លែងទៀតថា «នៅកម្ពុជា ស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូតូច និងមធ្យម។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាកំណត់ និងជំរុញការលើកតម្កើងស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត»

សម្តេចបានថ្លែងទៀតថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និងទៅអនាគត ស្ត្រីនឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

សម្តេចបានលើកឡើងទៀតថា សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។

សម្តេចបញ្ជាក់ទៀតថា កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ កម្ពុជាបានកំណត់ប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដើម្បីជំរុញកិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ឱ្យក្លាយជាកម្លាំងចលករគន្លឹះប្រកបដោយចីរភាព និងកាន់តែរឹងមាំក្នុង ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅរកការកសាងអនាគត និងវិបុលភាពរួមមួយ៕