(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានប្ដូរវេនអាស៊ាន បានណែនាំឲ្យយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបំផុសសក្ដានុពលសហគ្រិនស្ដ្រី។

ការដាក់ចេញនូវទិសអាទិភាពការងារចំនួន៤នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឲ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖

* ទី១៖ រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។

* ទី២៖ ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ (Upskiling) និងបណ្ដុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និងក្មេងស្រី រួមទាំងកម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។

* ទី៣៖ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្ម ។

* ទី៤៖ ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយនានាផ្នែកគាំពារសុខុមាភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម។

គួរជម្រាបថា កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការរួមសាមគ្គី និងសហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី៕