(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងការពង្រឹងវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ នៅសណ្ឋាគារ ហៃយ៉ាត់ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិ អន្តរជាតិ ស្ថានទូត ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៉ីវិល និងស្ថាប័នប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យពាក់ព័ន្ធសរុបប្រមាណ ១៨០រូប ក្រោមកិច្ចគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាបអំពីនីតិវិធី ស្ដីពីការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនប្រសិទ្ធភាពប្រមូល គ្រប់គ្រង និងចែកផ្សាយទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់រាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបន្តរៀបចំផ្ដល់ការគាំទ្រជាជំនួយសង្គមនានា និងឱ្យស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ពិធីនេះក៏ជាការរំលឹកដល់ខួប១៥ឆ្នាំ នៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលការកសាងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រនេះ បានក្លាយទៅជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងបន្តក្លាយជាយន្តការមួយដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការបន្តជួយដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងប្រទេសកម្ពុជាផងដែរ៕