(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសាទរ និងគាំទ្រចំណាត់ការរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្ម នៅក្នុងរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរ និងសូមឲ្យអនុវត្តដូចភ្លៀងរលឹម ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយក្តីសុខសុវតិ្ថភាព។

ការថ្លែងកោតសរសើរបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត​ ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានលើកឡើងថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, លោក ឃួង ស្រេង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌសង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្ម នៅក្នុងរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អបអរសាទរ គាំទ្រ និងមានប្រជាជនមួយចំនួន បានបាត់របស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានរកឃើញមកវិញ នៅក្នុងយុទ្ធនាការ បង្ក្រាបរបស់អាជ្ញាធរយើងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីជាសំណូមពរ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបន្តការបង្ក្រាបនេះ ជាបន្តបន្ទាប់ឱ្យដូចភ្លៀងរលឹម។

ជាមួយគ្នានោះ ចំពោះការងារសាធារណការ និងកែលម្អសោភ័ណភាព នៅក្នុងរាជធានីភ្នំពេញ លោកប្រធានក្រុមប្រឹក្សា ក៏បានកោតសរសើរផងដែរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានខិតខំជំរុញ ការងារថែទាំផ្លូវថ្នល់ និងជួសជុលផ្លូវក្រលុក សំបុកមាន់ នៅដើមផ្លូវជាតិ ចេញពីរាជធានីភ្នំពេញ ចំនួន៦ខ្សែ និងផ្លូវក្នុងរាជធានីភ្នំពេញ ចំនួន៣៤ខ្សែ បានល្អប្រសើរ។

សម្រាប់ការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្នុងត្រីមាសទី៣នេះជាមធ្យម ការប្រមូលសំរាម មានបរិមាណ ៣៧១៨,៧៩តោន ក្នុងមួយថ្ងៃ ប៉ុន្តែការប្រមូលសំរាមឃើញថា អនុវត្តបានល្អប្រសើរ មិនមានការកកស្ទះ កាកសំណល់ និងសំរាមដែលធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាព និងបរិស្ថានល្អ។

កិច្ច​ប្រជុំ​សាមញ្ញលើកទី​៤១​ របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ អាណត្តិ​ទី៣​នេះ ដើម្បី​ពិនិត្យ​ និង​អនុម័ត​លើ​ររបៀបវារៈ​មួយចំនួន​ដូច​ខាងក្រោម​៖

*ទី១៖ សេចក្ដី​ព្រាង​កំណត់​ហេតុ​កិច្ច​បប្រជុំសាមញ្ញ​លើកទី​៤០​ របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២២
*ទី២៖ សេចក្ដី​ព្រាង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៣​ ឆ្នាំ​២០២២​ ស្តីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​
*ទី៣៖ របាយការណ៍​បូកសរុប​លទ្ធផល​បញ្ចប់​គម្រោង​ស្តីពី​ការ​អនុវត្ត​គម្រោង​ជំរុញ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​​ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ក្រីក្រ​ក្នុង​ខណ្ឌ​គោលដៅ​ទាំង​៤​ របស់​គណ:គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្រ្តី​ និង​កុមារ​របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ អាណត្តិ​ទី​៣​ ដែល​គាំទ្រ​ដោយ​អង្គការ​ UNICEF
៤-បញ្ហា​ផ្សេង​ៗ​៕