(សៀមរាប)៖ ពលរដ្ឋដែលយល់ព្រមរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ (តំបន់១ និងតំបន់២) មករស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី បានទទួលកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែ ពីក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ពលរដ្ឋចំនួន៥៣គ្រួសារ ដែលយល់ព្រមរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ នឹងមករស់នៅភូមិធម្មជាតិរុនតាឯក បានទទួលកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែ ពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ដោយក្នុង០១គ្រួសារទទួលបាន កូនមាន់២០ក្បាល ចំណី៥គីឡូគ្រាម និងគ្រាប់ពូជបន្លែចំនួន០៥មុខផងដែរ។

លោកបន្តថា បន្ទាប់ពីចែកកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែ ដល់ប្រជាពលរដ្ឋរួច ក្រុមការងារបានបណ្តុះបណ្តាលបច្ចេកទេស ដាំ និងចិញ្ចឹមមាន់ដល់ពលរដ្ឋបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប នៅតែបន្តចុះចែកកូនមាន់ ចំណីមាន់ គ្រាប់ពូជបន្លែ និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់ពលរដ្ឋ ដែលយល់ព្រមរុះរើលំនៅដ្ឋានពីតំបន់ រមណីយដ្ឋានអង្គរ(តំបន់១និងតំបន់២) មករស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះ បានសាងសង់លំនៅដ្ឋាននឹងរស់នៅក្នុងផ្ទះរាល់ថ្ងៃ ព្រោះបើពលរដ្ឋមិននៅផ្ទះមាន់ និងបន្លែអាចនឹងខូច ហើយមាន់ក៏ស្លាប់ដែរ បើមិនមានអ្នកនៅមើលថែ។

ជាមួយនេះដែរ ប្រជាពលរដ្ឋដែលបានទទួលកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែទាំងនោះ មានទឹកមុខសប្បាយរីករាយ និងមានក្តីសង្ឃឹមយ៉ាងមុតមាំថា ពួកគាត់មករស់នៅទីនេះអាចនឹងមានជីវភាពធូរធា ខណៈរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប បានគិតគូដល់ពួកគាត់ផងដែរ៕