(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន បានឆ្មក់ចាប់បងប្អូន២ម្នាក់ ពីជួញដូរសារធាតុញៀន ដោយដកហូតក្រាមសថ្លាបាន១៣កញ្ចប់ ជញ្ជឹងសំរាប់ថ្លឹងថ្នាំញ្ញៀន១ ម៉ូតូឌ្រីមសង់សេ១២៥​ស៊េរី២០១៤ មួយគ្រឿង នាំយកមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរបន្ត នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅបន្ទប់ជួលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា កម្លាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ និងនគរបាលប៉ុស្តិ៍ទំនប់ទឹក ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ជា អាគី ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ បន្ទប់ជួលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងជនសង្ស័យទី២មានឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​បន្ទប់។ មុនពេលចាប់ខ្លួន កម្លាំងល្បាតមូលដ្ឋាន ដោយមានការសង្ស័យ ក៏បានឃាត់បុរសម្នាក់ តាមផ្លូវហើយ ក៏ឆែកត្រួតពិនិត្យរកឃើញក្រាមសថ្លា១កញ្ចប់ រួចឈានដល់ឆែកឆេរ​ដល់បន្ទប់ជួលក៏​ធ្វើការឃាត់ខ្លួនបានជន​សង្ស័យម្នាក់ទៀត ជាបងប្រុសបង្កើត និងឆែកឆេររកឃើញក្រាម​សថ្លា១២កញ្ចប់​តូចទៀត និងជញ្ជឹងសំរាប់ថ្លឹងថ្នាំញៀនរួច ក៏នាំយកមកអធិការដ្ឋាន​នគរបាលខណ្ឌ​ចំការមន ដើម្បីសាកសួរ​នាំបន្តទៀត៕